ស្ថាប័នរដ្ឋសភាកម្ពុជា ត្រូវបានរុះរើនៅមុនពេលបោះឆ្នោតជាតិ
ចេញផ្សាយ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (ជាស្ថាប័ននីតិបញ្ញត្តិដ៏សំខាន់) ត្រូវបានដាក់ឲ្យនៅក្នុងស្ថានភាពវិបត្តិធម្មនុញ្ញភាព នៅក្នុងរយៈពេលតិចជាងពីរខែមុនពេលមានការបោះឆ្នោតជាតិ។ កាលពីសប្តាហ៍មុន គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាជិកទាំងអស់មកពីគណបក្សកាន់អំណាច បានសម្រេចដកសមាជិកតំណាងរាស្ត្រនៃគណបក្សប្រឆាំងទាំង ២៩ រូប ពីតំណែងតំណាងរាស្ត្ររបស់អ្នកទាំងនោះ។ ដោយសារការបណ្តេញនេះ បានកើតឡើងនៅក្នុងរយៈពេល ៦ខែមុនពេលបោះឆ្នោតជាតិ នោះអសនៈដែលនៅទំនេរដោយការជម្រុះសមាជិកតំណាងរាស្ត្រទាំងនោះ នឹងត្រូវរក្សាទុកឲ្យទំនេររហូតដល់ក្រោយពេលបោះឆ្នោត។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថារដ្ឋសភា ត្រូវមានសមាជិកចំនួន ១២០រូប។ ដោយអសនៈនៃសមាជិកគណបក្សប្រឆាំងទាំងអស់នៅទំនេរ មិនមានការជំនួសនោះ រដ្ឋសភាបច្ចុប្បន្ននេះមានសមាជិកត្រឹមតែ ៩៤ រូប ប៉ុណ្ណោះ (មិនបានបំពេញនូវល័ក្ខខ័ណ្ឌនេះទេ)។
នេះមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែលយុទ្ធសាស្ត្រនេះកើតនៅពេលនេះដោយចេតនា។
រយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពីសមាជិកទាំងនោះត្រូវបានដកចេញ សមាជិកដែលនៅសល់នៃរដ្ឋសភា ត្រូវបានកោះអញ្ជើញប្រជុំជាវិសាមញ្ញដើម្បីធ្វើការអនុម័តច្បាប់ថ្មី។ មានសមាជិកតែ ៨៦ រូបប៉ុណ្ណោះ បានចូលរួមប្រជុំ។ ច្បាប់ថ្មីដែលត្រូវបានអនុម័តដោយស្ថាប័ននេះ បានចាត់ទុកថាខុសច្បាប់ចំពោះការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលកើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ច្បាប់នេះត្រូវបាន ព្រាង និងអនុម័តនៅក្នុងរយៈពេលត្រឹមតែ ពីរសប្តាហ៍ក្រោយពេលមានការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែឧសភា ឲ្យមានបទបញ្ញត្តិព្រហ្មទណ្ឌលើអំពើនោះ។ ប្រសាសន៍អំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅក្នុងការថ្លែងសុន្ទរកថាមួយ ដែលសម្តេច លោកបានតបតទៅនឹងមេដឹកនាំគណបក្សប្រឆាំង លោកកឹម សុខា បន្ទាប់ពីមានការចេញផ្សាយនូវខ្សែអាត់សំឡេង ដោយគណបក្សកាន់អំណាច អំពីការអះអាងរបស់មេដឹកនាំគណបក្សប្រឆាំងថា មន្ទីរ ស-២១ (គុកទួលស្លែង) គឺជាគុកសប្បនិម្មិត។ មេដឹកនាំគណបក្សប្រឆាំង បានបដិសេធដែលថាលោកបាននិយាយបែបនោះ ហើយគណបក្សប្រឆាំងនៅតែបន្តបដិសេធទៅនឹងការចោទប្រកាន់ទាំងនេះ។
ទោះបីជាមានភាពចម្រូងចម្រាសយ៉ាងខ្លាំងទៅលើការអនុម័តយ៉ាងរហ័សនេះ ការបង្កប់ន័យនយោបាយយ៉ាងច្បាស់ ហើយនិងបទបញ្ញត្តិស្រពិចស្រពិលដែលប្រកបដោយគ្រោះថ្នាក់ ហើយដែលគំរាម កំហែងក្នុងការធ្វើឲ្យចុះខ្សោយយ៉ាងខ្លាំងដល់សិទិ្ធក្នុងការបញ្ចេញមតិក៏ដោយ ក៏ច្បាប់នេះត្រូវបានអនុម័តយ៉ាងរហ័សនៅថ្ងៃសុក្រ ទី៧ ខែមិថុនា។ ច្បាប់នេះមានមាត្រា ចំនួន ៤ ដែលត្រូវបានចែងដោយមានលក្ខណៈទូលាយ ដែលមាត្រាមួយក្នុងចំណោមមាត្រាទាំងនោះបានចែងពីការទទួលខុសត្រូវព្រហ្មទណ្ឌលើនីតិបុគ្គល។ ច្បាប់នេះកំណត់ទោសពន្ធនាគាររហូតដល់ ២ឆ្នាំ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ បានមានប្រសាសន៍ថា៖ “ការអនុម័តច្បាប់ថ្មីយ៉ាងប្រញាប់នៅក្នុងស្ថានភាពទាំងនេះ គឺប៉ះពាល់ដោយផ្ទាល់នូវគោលការណ៍គ្រឹះនានានៃលទិ្ធប្រជាធិបតេយ្យតំណាង”។ លោកបានមានប្រសាសន៍បន្តទៀតថា៖ “តើមូលហេតុអ្វី ដែលត្រូវធ្វើការអនុម័តច្បាប់យ៉ាងប្រញាប់បែបនេះនាពេលឥឡូវ? ហេតុអ្វីបានជាបញ្ហានៃសេរីភាពបញ្ចេញមតិ មិនត្រូវបានគេយកមកពិចារណា?”
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “លទិ្ធប្រជាធិបតេយ្យ ត្រូវការឲ្យមានការពិភាក្សា និងមានគំនិតជំទាស់”។ អ្នកនាង បានបន្តទៀតថា៖ “ដោយអវត្តមាននូវសំឡេងរបស់គណបក្សប្រឆាំងទាំងអស់ ពីអង្គរដ្ឋសភាដ៏សំខាន់របស់ប្រទេសកម្ពុជា នោះស្ថាប័ននេះរំលោភដល់ការការពារដោយរដ្ឋធម្មនុញ្ញ។ ច្បាប់ដែលមានភាពចម្រូងចម្រាស ហើយដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន គឺមិនមានភាពត្រឹមត្រូវ”។
ប្រជាពលរដ្ឋកម្ពុជាជិតពីរលាននាក់ បានបោះឆ្នោតឲ្យគណបក្សប្រឆាំងដែលនាំមុខទាំងបីនៅក្នុងការបោះឆ្នោតសភាអណត្តិមុន។ សំឡេងរបស់ប្រជាពលរដ្ឋទាំងនោះ មិនត្រូវបានអើពើនៅក្នុងស្ថាប័ននេះកាលពីសប្តាហ៍មុន។ ប្រសិនបើគណបក្សកាន់អំណាច បន្តធ្វើការប្រជុំសភាដោយអធម្មនុញ្ញភាពបែបនេះ នោះគ្រប់ច្បាប់ទាំងអស់ដែលត្រូវបានអនុម័ត នឹងទុកជាគ្មានន័យ និងមោឃៈ។ នៅពេលដែលព្រះមហាក្សត្រ ទ្រង់មិនទាន់បានឡាយព្រហស្ថលេខាលើច្បាប់នេះ នោះយើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមព្រះរាជទាន ទ្រង់ព្រះមេត្តាប្រោសបដិសេធក្នុងការឡាយព្រហស្ថលេខាលើច្បាប់នេះ រហូតដល់មាន ដំណើរការមួយដែលស្របនឹងរដ្ឋធម្មនុញ្ញ។
យើងខ្ញុំ ក៏កត់សម្គាល់ដោយក្តីបារម្ភជាខ្លាំងថា សកម្មភាពបែបនយោបាយដែលកើតនៅពេលនេះ អត្ថបទច្បាប់ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ បានបន្តកាត់បន្ថយនូវឱកាសនៃអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា៖ “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តយ៉ាងច្បាស់ថាប្រទេសកម្ពុជាប្រកាន់យកនូវលទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស”។ លោក បានមានប្រសាសន៍បន្តទៀតថា៖ “រដ្ឋធម្មនុញ្ញក៏បានបញ្ញត្តិយ៉ាងច្បាស់ថា ‘អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ’។ នៅពេលដែលមានតែគណបក្សមួយតំណាងនៅក្នុងស្ថាប័នរដ្ឋសភា នោះមានន័យថាមិនបានគោរពគោលការណ៍ប្រជាធិបតេយ្យ និងពហុបក្ស ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ”។
សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយអង្គការសង្គមស៊ីវិលកម្ពុជាខាងក្រោម៖
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
មណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សមធម៌កម្ពុជា (EC)
សមាគមអភិវឌ្ឍន៍កសិករ (FDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
សមាគមធាងត្នោត (STT)
គណៈកម្មធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodian Food and Service Worker Federation (CFSWF)
៣. Cambodia's Independent Civil-Servants Association (CICA)
៤. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៥. Cambodian Worker Center for Development (CWCD)
៦. Cambodian Youth Network (CYN)
៧. Coalition of Cambodian Farmer Community (CCFC)
៨. Community Legal Education Centre (CLEC)
៩. Equitable Cambodia (EC)
១០. Farmer Development Association (FDA)
១១. Independent Democracy of Informal Economy Association (IDEA)
១២. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
១៣. People’s Action for Change (PAC)
១៤. Sahmakum Teang Tnaut (STT)
១៥. The Cambodian NGO Committee on CEDAW (NGO-CEDAW)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០១២ ៨០១ ២៣៥
▪ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ ទូរស័ព្ទលេខ៖ ០១២ ៥៩៨ ០៦៦
▪ អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- តុលាការ និង នីតិរដ្ឋ បោះឆ្នោត ច្បាប់ និងបទប្បញ្ញត្តិ