ប្រសិនបើ​អ្នកត្រូវការបិទគេហទំព័រនេះភ្លាមៗ ដើម្បីសុវត្ថិភាព​ផ្ទាល់ខ្លួន សូមអ្នកចុច​លើប៊ូតុងពណ៌ក្រហម​នៅខាងក្រោម​បង្អស់នៃគេហទំព័រនេះ ។ ប៊ូតុងនេះ​នឹងនាំអ្នកទៅកាន់​គេហទំព័រមួយផ្សេងទៀត ។

ខិត្តប័ណ្ណ អំពើហិង្សាក្នុងគ្រួសារ និង​ផ្លូវភេទ

អាន និងស្តាប់ព័ត៌មាន​ក្នុងខិត្តប័ណ្ណនេះ ដើម្បីស្វែងយល់​បន្ថែមអំពីអំពើ​ហិង្សាក្នុងគ្រួសារ និងសិទ្ធិរបស់អ្នក ។ ខិត្តប័ណ្ណនេះ​អាចជួយ ឱ្យអ្នកយល់ដឹង​ពីបទល្មើសនិងទោសទណ្ឌ​ដែលពាក់ព័ន្ធ ​ជម្រើសនៃការដាក់ពាក្យបណ្តឹង​តាមនីតិវិធីច្បាប់ និងការទទួលខុសត្រូវ​របស់អាជ្ញាធរ​មានសមត្ថកិច្ច ។

ខិត្តប័ណ្ណ ចែករំលែកព័ត៌មាន​អំពីអំពើរំលោភសេពសន្ថវៈ​ និងអំពើហិង្សាផ្លូវភេទ​ ។ លោកអ្នកអាចអាន​ និងស្តាប់ព័ត៌មាន​លើខិត្តប័ណ្ណអំពី ប្រភេទនៃហិង្សានីមួយៗ សិទ្ធិ​និងបទល្មើសព្រហ្មទណ្ឌ​ និង កម្រិតទោសពន្ធនាគារ​ដែលពាក់ព័ន្ធ និងការស្វែងរកយុត្តិធម៌ ។

គន្លឹះសុវត្ថិភាព​ សម្រាប់​​អ្នកស្ថិតក្នុងស្ថានភាព​ប្រឈម នៃ​​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​​​អំពើហិង្សា​ផ្លូវ​ភេទ

អំពើហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​អ្នក​មិន​គួរ​រស់នៅ​ជាមួយ​អំពើ​ហិង្សា​នោះ​ឡើយ ។ ទោះបី​ជា​យ៉ាង​ណា មាន​ស្ថានភាព​មួយ​ចំនួន​ដែល​អ្នក ​និង​កូន​របស់​អ្នក​អាច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ។ សំណួរ​ខាងក្រោម អាច​ជួយ​អ្នក​ឱ្យ​គិត​អំពី​សុវត្ថិភាព​របស់​អ្នក និង ​ផ្តល់​ជា​គំនិត​ដើម្បី​ជួយ​អ្នក​ធ្វើ​ផែនការ

អ្នកគួរ​ទទួល​បាន​ការ​គាំទ្រ​ពី​អាជ្ញាធរ អង្គការ ក្រុមគ្រួសារ និង​សហគមន៍​របស់​អ្នក ។ អ្នក​ក៏​អាច ទាក់ទង​មក​ស្ថាប័ន​ដែល​មាន​រាយនាម​ក្នុង​បញ្ជី​ខាង​ក្រោម សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្លូវ​ច្បាប់ សុវត្ថិភាព និងជម្រើស​ផ្សេង​ទៀត​របស់​អ្នក ។

បង្ហាញព័ត៌មាន

សេចក្តី​ណែ​នាំ

អ្នកអាចនឹងនៅតែ​ស្ថិត​ក្នុង​ហានិភ័យ​នៃ​អំពើ​ហិង្សា ក្នុង​ស្ថានភាព​ដូច​ជា៖

  • ប្រសិន​បើ​អ្នក​កំពុង​រស់​នៅ​ជាមួយ​នរណា​ម្នាក់​ដែល​ប្រើ​ហិង្សា ឬ​អាច​នឹង​ប្រើ​ហិង្សា
  • ប្រសិន​បើ​អ្នក​កំពុង​រៀបចំ​ចាកចេញ ឬ​លែងលះ​ដៃគូ​អ្នក ដែល​អាច​មាន​ប្រតិកម្ម​ហិង្សា
  • ប្រសិន​បើ​អ្នក​បាន​លែងលះ​គ្នា ឬ​ចែក​ផ្លូវ​គ្នា ហើយ​អ្នក​ព្រួយ​បារម្ភ​ខ្លាច​ពួកគេ​ត្រឡប់​មក​វិញ
  • ប្រសិន​បើ​ជនល្មើស កំពុង​បន្ត​រស់នៅ​ក្បែរ​កន្លែង​ដែល​អ្នក​រស់នៅ ។ល។

ទោះបីជាអ្នកមិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា ​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​រៀបចំ​ផែនការ​ជាក់លាក់​ខ្លះៗ ដើម្បី​បង្កើន​សុវត្ថិភាព​របស់​អ្នក នៅ​មុន​ពេល និង​អំឡុង​ពេល​មាន​បញ្ហា​ប្រឈម​កើត​ឡើង ។

សំណួរខាងក្រោម​អាច​ជួយ​អ្នក​រៀបចំ​ផែនការ មុនពេល​អំពើ​ហិង្សា​កើត​ឡើង ។ អ្នក​ប្រហែល​ជា​បាន​អនុវត្ត​ជំហាន​ទាំងនេះ​រួច​មក​ហើយ គំនិត​ខ្លះ​វា​អាច​នឹង​មិន​សមស្រប​ចំពោះ​ស្ថានភាព​របស់​អ្នក ឬអ្នក​មិន​អាច​ធ្វើ​វា​បាន ។ ប៉ុន្តែ​មិន​ថ្វី​ទេ អ្នក​អាច​ផ្ដោត​សំខាន់​ទៅ​លើ​លទ្ធភាព និង​ចំណុច​ខ្លាំង​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ។

សូមកុំជ្រើសយក​ជំហាន​ណា​ដែល​អាច​នាំ​អ្នក​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ប្រសិន​បើ​ជនល្មើស​បាន​ដឹង​ពី​ជំហាន​ទាំងនេះ ។ សូម​ជឿជាក់​លើ​ការ​វិនិច្ឆ័យ​របស់​អ្នក ព្រោះ​មាន​តែ​អ្នក​ទេ​ ដែល​ដឹង​ច្បាស់​ថា​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​អ្នក និង​កូន​របស់​អ្នក​មាន​សុវត្ថិភាព ។

រៀបចំផែនការ ដើម្បី​បង្កើន​សុវត្ថិភាព​របស់​អ្នក សូម​ពិចារណា​សំណួរ​ខាង​ក្រោម៖

តើនរណា​ដែល​អាច​ជួយ​ខ្ញុំ​បាន នៅ​មុន​ពេល ឬ​អំឡុង​ពេល​គ្រា​មាន​អាសន្ន? តើ​ពួកគេ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូចម្តេច?

សូមគិតថា តើ សមាជិក​គ្រួសារ មិត្ត​ភក្តិ អ្នក​ជិត​ខាង ចាស់​ទុំ ព្រះ​សង្ឃ ថៅ​កែ មិត្ត​រួម​ការងារ អាជ្ញាធរ​មូល​ដ្ឋាន នគរបាល ឬ អង្គការ​មិនមែន​រដ្ឋាភិបាល ណាមួយ​ដែល​អាច​ជួយ​អ្នក​បាន ។ វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​ទាក់ទង​សុំ​ជំនួយ ប៉ុន្តែ​មនុស្ស​ដែល​អ្នក​ជឿ​ទុកចិត្ត​ អាច​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​អ្នក និង​កូន​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព ។

មនុស្សផ្សេងៗគ្នា អាច​ផ្តល់​ការ គាំទ្រ​ក្នុង​ទម្រង់​ខុសៗ​គ្នា ដូចជា ការ​គាំទ្រ​ផ្នែក​អារម្មណ៍ អន្តរាគមន៍ក្នុង​គ្រា​មាន​អាសន្ន ការ​ថែទាំ​កុមារ ការ​ផ្តល់​លំនៅ​ដ្ឋាន មធ្យោបាយ​ធ្វើ​ដំណើរ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ផ្តល់​ព័ត៌មាន​ផ្លូវ​ច្បាប់​ឬ ផ្តល់​នូវ​សម្ភារៈ​ចំាបាច់​ដូចជា​សម្លៀក​បំពាក់ ។

សូម​ពិចារណា​សុំ អ្នក​ជិត​ខាង​ឱ្យ​ជួយ​ហៅ​រក​ជំនួយ ប្រសិន​បើ​ពួកគេ​ឮ ឬ​ ឃើញ​អំពើ​ហិង្សា ។

វាអាចមាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការ បង្កើត "ពាក្យគន្លឹះ" ឬ សញ្ញា​ផ្សេងៗ​ជាមួយ​អ្នក​ដែល​អាច​ជួយ​អ្នក​ក្នុង​គ្រា​មាន​អាសន្ន ។ ពាក្យ​គន្លឹះ អាច​ជា​ពាក្យ​ទូទៅ ឬ ប្រយោគ​ដែល​មិន​ជាក់លាក់​ណាមួយ​ដែល​អ្នក​ជ្រើស​រើស និង​ពិភាក្សា​ជាមួយ​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត មុន​ពេល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ បន្ទាប់​មក​អ្នក​អាច​និយាយ​ពាក្យ​គន្លឹះ​ដែល​អ្នក​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ហៅ ឬ ផ្ញើសារ​ដើម្បី​សុំ​ជំនួយ​បន្ទាន់​ពី​បុគ្គល​ដែល​អ្នក​ជឿ​ទុក​ចិត្ត ដោយ​មិន​ឱ្យ​ជនល្មើស​ដឹង ។

តើខ្ញុំអាច​ទៅ​កន្លែង​ណា ដើម្បី​មាន​សុវត្ថិភាព? តើ​កូន​ខ្ញុំ​អាច​ទៅ​កន្លែង​ណា​បាន?

សូមពិចារណា​ទៅ​កន្លែង​ផ្សេង​ភ្លាម ប្រសិន​បើ​ការ​គំរាម​កំហែង​កំពុង​កើត​ឡើង ឬ ​អ្នក​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព ។ សូម​គិត​ទុក​ជាមុន នូវ​ទីកន្លែង​ណា​មួយ​ដែល​អ្នក និង​កូន​របស់​អ្នក​អាច​ទៅ​បាន ។ ជម្រើសរបស់​អ្នក​អាច​ជា ផ្ទះ​របស់​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត កន្លែង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​វត្ត ឬ​ទីតាំង​សាធារណៈ​នានា ដូចជា​ទីផ្សារ ផ្លូវ​ដែល​មាន​មនុស្ស​ច្រើន សាលា​ឆទាន ភោជ​នីយដ្ឋាន ឬ​ហាង​លក់​ទំនិញ ។

សូមគិតពី មធ្យោបាយ​ធ្វើ​ដំណើរ និង វិធី​ដែល​អ្នក​អាច​ទៅ​ដល់​ទីតាំង​នោះ ក្នុងគ្រា​មាន​អាសន្ន ។ សូមគិត​ពី​ទីកន្លែង​ដែល​អ្នក​អាច​ស្នាក់​នៅ​បាន​ក្នុង​រយៈពេល​ខ្លី ឬ រយៈពេល​វែង។

តើមានលេខ​ទូរស័ព្ទ​ណា​មួយ ដែល​ខ្ញុំ​ត្រូវ​ការ​ក្នុង​គ្រា​មាន​អាសន្ន?

ប្រសិនបើអ្នកអាច​ប្រើ​ទូរស័ព្ទ​បាន សូម​ពិចារណា​រក្សា​លេខ​ទំនាក់​ទំនង​ក្នុង បញ្ជី​លេខ​ទូរស័ព្ទ​ រួមមាន​លេខ​ទូរស័ព្ទ​នគរបាល អាជ្ញាធរ​មូលដ្ឋាន និង​លេខ​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត ។ ជាជម្រើស សូម​ចងចាំ ទុកយ៉ាង​ហោច​ណាស់​លេខ​ទូរស័ព្ទ​សំខាន់ ១ខ្សែ។

តើបរិវេណផ្ទះ​របស់​ខ្ញុំ កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​បំផុត?

ប្រសិនបើការគំរាមកំហែងកំពុងកើតឡើង ឬ អ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព សូមពិចារណា ផ្លាស់ទីទៅបរិវេណណាដែលមានសុវត្ថិភាពបំផុត នៃផ្ទះរបស់អ្នក ។

បរិវេណខ្លះនៃផ្ទះអាចមានសុវត្ថិភាពជាង ព្រោះ ងាយស្រួលគេចចេញ តាមរយៈបង្អួច ឬទ្វារ។ បរិវេណផ្សេង ទៀតនៃផ្ទះអាចមិនសូវមានសុវត្ថិភាព ព្រោះតែវាអាចមាន កម្ពស់ដ៍គ្រោះថ្នាក់ (ដូចជាកាំជណ្ដើរ វេរ៉ង់ដា និង​ដំបូលផ្ទះ) ឬ មានវត្ថុគ្រោះថ្នាក់ផ្សេងៗ ដែលជនល្មើសប្រើប្រាស់ជាអាវុធ (ដូចជាកាំបិតធ្វើម្ហូប ឬឧបករណ៍សម្រាប់ធ្វើស្រែចំការផ្សេងៗ) ។​

សូមពិចារណាទុកដាក់សម្ភារៈដែលអាចប្រើជាអាវុធនៅទីកំបាំង ឬ ទីកន្លែងដែលពិបាកនឹងយកបាន ។​

តើខ្ញុំអាចជួយកូនរបស់ខ្ញុំឱ្យត្រៀមខ្លួន និងរក្សាសុវត្ថិភាពកូន ដោយរបៀបណា ?

សូមផ្តល់ ការ​ធានា និង​ក្តី​ស្រលាញ់ ដល់​កូន​អ្នក​ជានិច្ច ។ ​បញ្ជាក់​ប្រាប់​កូន​អ្នក​ថា ​អំពើ​ហិង្សា​ណា​មួយ​មិន​មែន​ជា​កំហុស​របស់​ពួក​គេ​ទេ ។ ប្រាប់​ពួក​គេ​ថា សូមកុំ​ព្យាយាម​ធ្វើ​អន្តរាគមន៍ ឬ​ការពារ​អ្នក ។

អាស្រ័យលើ​វ័យ​របស់​កូន​អ្នក អ្នក​អាច​ពិចារណា​បង្រៀន​ពួកគេ​ជាមុន​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ប្រសិនបើ​មាន​ការ​គំរាមកំហែង​កើត​ឡើង​កាន់​តែ​ខ្លាំង ឬ ពួកគេ​ឃើញ ឬ ឮ​នូវ​អំពើ​ហិង្សា ។ សូម បង្រៀន​ពួកគេ​ពី​សកម្មភាព​មួយ​ជំហាន​ម្តងៗ ដែល​ពួកគេ​អាច​ធ្វើ ដូចជា​ត្រូវ​រត់ចេញ​ទៅ ឬ​លាក់​ខ្លួន​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព និង​ជូន​ដំណឹង​ដល់​អ្នក​ដទៃ​ថា​អ្នក​ត្រូវ​ការ​ជំនួយ ។

ពិភាក្សាជាមួយ​កូន​អ្នក​ជាមុន ថាតើ​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក​និង​កូន​អ្នក របៀប​ដែល​ពួកគេ​អាច​ទៅ​ដល់​ទីនោះ នរណា​ដែល​ពួកគេ​អាច​សុំ​ជំនួយ និង របៀប​ស្វែង​រក​លេខ​ទូរស័ព្ទ​សំខាន់ៗ​ណា​មួយ ។

ប្រសិនបើខ្ញុំត្រៀមចាក​ចេញ​ពីផ្ទះ តើខ្ញុំ​គួរ​យក​របស់​ចំាបាច់​អ្វីខ្លះ​ទៅ​ជាមួយ?

វាអាចមាន​គ្រោះ​ថ្នាក់ នៅ​ពេល​ដែល​អ្នក​ចង់​ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់​ពី​ចាកចេញ ជាពិសេស​នៅ​ពេល​ដែល​ អ្នក​មាន​គម្រោង​លែងលះ ឬ​ចែក​ផ្លូវ​គ្នា ។ សូម​ពិចារណា ថាតើ​អ្នក​អាច​យក​របស់​របរ​ប្រើប្រាស់​ដោយ​សុវត្ថិភាព​ដូចជា៖

  • កូន​សោ
  • លុយ ឬ​របស់​មាន​តម្លៃ
  • ទូរស័ព្ទ
  • សម្លៀក​បំពាក់​ចាំបាច់
  • សម្ភារៈ​ប្រើប្រាស់​របស់​កូន
  • ឯកសារ​សំខាន់ៗ (ដូចជា អត្ត​សញ្ញាណ​ប័ណ្ណ ឬ សំបុត្រ​កំណើត)
  • ថ្នាំពេទ្យ

សូមពិចារណា ក្នុងការ​រក្សា​ទុក​នូវ​សម្ភារៈ​ដែល​ចាំបាច់​ទាំង​ឡាយ​ក្នុង កាបូប​តូច​មួយ ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ចាក​ចេញ​ភ្លាមៗ ។ ជាជម្រើស សូម​ទុក​ដាក់​សម្ភារៈ​ចាំ​បាច់​ទាំង​នោះ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ មុន​ពេល​ចាកចេញ ដូចជា រក្សា​ទុក​នៅ​ផ្ទះ​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត ឬ នៅ​កន្លែង​ធ្វើការ​របស់​អ្នក ។

តើខ្ញុំអាចពង្រឹង​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ខ្ញុំ ពី​ជន​ប្រព្រឹត្ត​បាន​ទេ?

សូមពិចារណា ប្រសិន​បើ​អ្នក​អាច​ពង្រឹង​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​តាម​រយៈ៖

  • ការសន្សំប្រាក់
  • លាក់ទុកវត្ថុ​មាន​តម្លៃ ដូចជា​លុយកាក់ និង​មាស
  • រក្សាទុក​លុយ និង​វត្ថុ​មាន​តម្លៃ ជាមួយ​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត
  • បើកគណនី​ធនាគារ​ផ្ទាល់​ខ្លួន
  • ចូលរួម​ក្រុម​សន្សំ
  • បង្កើនប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​របស់​អ្នក

តើអាចនឹងមានករណីដែលជនល្មើសមកធ្វើបាប​ខ្ញុំ ឬ កូនខ្ញុំ​នៅ​កន្លែង​ធ្វើការ សាកល​វិទ្យាល័យ ឬ​សាលារៀន​ទេ?

សូមពិចារណា​ក្នុង​ការ ប្រាប់​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត មនុស្ស​ដែល​អ្នក​គួរ​ប្រាប់ នៅ​កន្លែង​ធ្វើ​ការ សាកល​វិទ្យាល័យ ឬ​សាលារៀន អំពី​ស្ថានភាព​គ្រោះថ្នាក់ ដែល​អាច​កើត​ឡើង​ចំពោះ​សុវត្ថិភាព​អ្នក និង​កូន​របស់​អ្នក ។ អ្នក​អាច ពន្យល់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​អាច​ជួយ​អ្នក​បាន ដូចជា​កុំ​បង្ហាញ​ទីតាំង​របស់​អ្នក មិន​អនុញ្ញាត​ឱ្យ​ជនល្មើស​ចូល​ទៅ​កន្លែង​ដែល​អ្នក​កំពុង​ស្ថិត​នៅ​ និង មិន​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ទៅ​ជាមួយ​ជន​ល្មើស​ជាដើម។

ប្រសិនបើ​ជន​ល្មើស​មក​កន្លែង​ធ្វើការ​របស់​អ្នក ឬ សាលារៀន អ្នក​គួរ​ពិចារណា​បន្ត​នៅ​កន្លែង​ធ្វើការ​រហូត​ដល់​អ្នក​ប្រាកដថា​ជន​នោះ​បាន​ចាក​ចេញ​ពី​ទីនោះ ។ ជាជម្រើស​ អ្នក​អាច​គិត​ជាមុន នូវ​វិធី​ដែល​សុវត្ថិភាព​បំផុត ក្នុង​ការ​ចាកចេញ ។

តើអាចនឹងមានករណីដែលជនល្មើសមកធ្វើបាប​ខ្ញុំ ឬ កូន​ខ្ញុំ ពេលពួកខ្ញុំកំពុង ធ្វើដំណើរឬទេ?​

ប្រសិនបើអាច សូមពិចារណា​ធ្វើ​ដំណើរ​តាម មធ្យោបាយ​ធ្វើ​ដំណើរ​ខុសៗ​គ្នា និង/ឬ តាម​ផ្លូវ​ផ្សេង​គ្នា ជា​រៀង​រាល់​ថ្ងៃ ។ ពិចារណា​ ស្នើសុំ​នរណា​ម្នាក់​ដើម្បី​ទៅ​ជាមួយ​អ្នក ឬ​កូន​របស់​អ្នក ។​

តើការប្រើប្រាស់​ទូរស័ព្ទ ឬ​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម អាច​មាន​ហានិភ័យ​សម្រាប់​ខ្ញុំ​ដែរ ឬទេ?

សូមប្រុងប្រយ័ត្ន រាល់​ការ​បង្ហោះ ហ្វេសប៊ុក និង​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​នានា អាច​ផ្តល់​ព័ត៌មាន​ដល់​ជនល្មើស អំពី​ទីតាំង​ដែល​អ្នក​កំពុង​ស្ថិតនៅ ។

សូមកុំប្រើ ពាក្យ​សម្ងាត់ ឬ លេខ​កូដ​បួន​ខ្ទង់ ដែល​ជនល្មើស​អាច​ទាយ​ដឹង​យ៉ាង​ងាយស្រួល ដូចជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ឬ លេខ​ទូរស័ព្ទ​របស់​អ្នក។ ប្រសិន​បើ​មាន​សុវត្ថិភាព សូម​ប្តូរ​លេខ​សម្ងាត់​ជា​ប្រចាំ​លើ​ទូរស័ព្ទ លើគណនី​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ គណនី​ធនាគារ​របស់​អ្នក ។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ សូមចងចាំ​ថា​ ជនល្មើស​ដែល​មាន​សិទ្ធិ​ចូល​ប្រើ​គណនី​របស់​អ្នក​ អាច​នឹង​ដឹង​ថា​ អ្នក​បាន​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់ ។

ពិចារណាក្នុងការ បិទ ឬ ប្លុក លេខទូរស័ព្ទ និង​គណនី​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ជនល្មើស ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​ដែល​អ្នក​មិន​ចង់​បាន ។

សូមបិទគេហ​ទំព័រ​នេះ បន្ទាប់​ពី​អ្នក​បាន​ប្រើប្រាស់​វា​រួច​រាល់ ហើយ​ប្រសិន​បើ​អាច សូម​លុប​ទំព័រ​នេះចេញ​ពី​ប្រវត្តិ​ស្វែង​រក​របស់​អ្នក ។

តើខ្ញុំអាចធ្វើឱ្យផ្ទះ​របស់​ខ្ញុំ​មាន​សុវត្ថិភាព​ជាង​មុន​បាន​ទេ?

សូមពិចារណា ថាតើ​អ្នក​អាច​បំពាក់​នូវ អំពូល​ចាប់​ចលនាកាមេរ៉ា​សុវត្ថិភាព ដើម្បី​ជា​សញ្ញា​ពេល​មាន​នរណា​ម្នាក់​ដើរ​ចូល​មក​ក្បែរ​ផ្ទះ​អ្នក ។ ប្រសិន​បើ អ្នក​មិន​រស់នៅ​ជាមួយ​ជនល្មើស​ទេ សូម​ពិចារណា​ ថា​តើអ្នក​អាច​ដំឡើង ឬ ផ្លាស់​ប្ដូរ​សោរ និង​ជួសជុល​ផ្នែក​ណាមួយ​នៃ​ផ្ទះ​ដែល​មិន​សូវ​រឹងមាំ ដែល​អាច​ងាយ​ស្រួល​ចូល ។

អ្នកមិនគួរ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច នៃ​អំពើ​ហិង្សា​ឡើយ ។ ការ​គាំទ្រ ពិត​ជា​មាន ។ សូម​ទាក់ទង​មក អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​រាយនាម​ក្នុង​បញ្ជី​ខាង​ក្រោម សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្លូវ​ច្បាប់ សុវត្ថិភាព និង ជម្រើស​ផ្សេង​ទៀត​សម្រាប់​អ្នក ។

ការស្វែងរក​យុត្តិធម៌​តាម​នីតិវិធីច្បាប់

សូមមើលវីដេអូនេះ ដើម្បីស្វែងយល់​អំពីនីតិវិធីច្បាប់ ។ វីដេអូដែលពន្យល់អំពីដំណើរការផ្លូវច្បាប់​ដោយបង្ហាញនូវព័ត៌មាន​មួយចំនួនដែលបុគ្គល​គ្រប់រូបគួរយល់ដឹង និងរបៀបរៀបចំខ្លួន​នៅក្នុងដំណាក់កាលនីមួយៗ​នៃប្រព័ន្ធតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ។ វីដេអូនេះក៏ពន្យល់ផងដែរ អំពីសិទ្ធិរបស់អ្នក និងឆ្លើយតប​ទៅនឹងសំណួរមួយចំនួន​អំពីលទ្ធភាពនៃការចាប់ និងការឃាត់ខ្លួន​ជនសង្ស័យ ។

ទំនាក់ទំនង

ប្រសិនបើ​អ្នកជួបប្រទះនឹងអំពើហិង្សា​ក្នុងគ្រួសារ​ ឬផ្លូវភេទ ស្ថាប័ន​ ខាងក្រោមនេះ អាចជួយ​ផ្តល់ជាព័ត៌មាន ឬសេវាកម្មផ្សេងៗ ដែលអ្នកត្រូវការ ។ ព័ត៌មាននៅក្នុងបញ្ជីនេះ អាចនឹងត្រូវបាន​បន្ថែមទៀតនាពេលអនាគត ។

បង្ហាញព័ត៌មាន

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស (លីកាដូ)

ជំនួយផ្នែកច្បាប់ ពេទ្យ និងសេវាសង្គមសម្រាប់ស្រ្តី និងកុមារ

ទូរស័ព្ទលេខ៖ ០១២ ៥៣៦ ៣០០ / ០១៥ ៥៥៣ ៨៥៥
សម្រាប់ព័ត៌មានបន្ថែម៖ https://www.licadho-cambodia.org/contact.php

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)

ជំនួយផ្នែកច្បាប់ និងសេវាសង្គមសម្រាប់ស្រ្តី និងកុមារ

ទូរស័ព្ទលេខ៖ ០៨៦ ៧៩២ ៦៦៦ / ០៩៧ ៦១៦ ២៧៩០
សម្រាប់ព័ត៌មានបន្ថែម៖ https://www.adhoccambodia.org/km/contact-us/

អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)

ជំនួយផ្នែកច្បាប់ ជំរកសុវត្ថិភាព ​ការប្រឹក្សា និងសេវាកម្មផ្សេងទៀត សម្រាប់ស្ត្រី និងក្មេងស្រី

ទូរស័ព្ទលេខ៖ ០១២ ២៤៣ ៩៨៨ / ០២៣ ៩៨៧ ១៥៨ (រាជធានីភ្នំពេញ) / ០៨៧ ៩០៩ ០២០ (ខេត្តបន្ទាយមានជ័យ) ០៦៣ ៩៦៣ ២៧៦ (ខេត្តសៀមរាប) / ០៦២ ២១០ ៥១៥ (ខេត្តកំពង់ធំ)
សម្រាប់ព័ត៌មានបន្ថែម៖ http://cwcc.org.kh/contact/

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)

សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសម្រាប់អ្នករងគ្រោះ​ដោយអំពើហិង្សាផ្លូវភេទ និងផ្អែកលើ​​យែនឌ័រ

ទូរស័ព្ទលេខ៖ ០១០​ ៨១២ ៨១២ / ​០៨៩ ៣៣៣ ៩៩០ / ០៨៨ ៧១០ ៧១០៧
សម្រាប់ព័ត៌មានបន្ថែម៖ https://www.rhac.org.kh/clinic#rhac-branch

អង្គការសកម្មភាពដើម្បីកុមារ (APLE)

ជំនួយផ្នែកច្បាប់ ប្រឹក្សាយោបល់ និងការអន្តរាគមន៍វិបត្តិ សម្រាប់កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ

ទូរស័ព្ទលេខ៖ ០៩២ ៣១១ ៥១១ / ០២៣ ៩៩៦ ៣៥១ / ០១២ ៥៨៤ ១៩៤
សម្រាប់ព័ត៌មានបន្ថែម៖ https://aplecambodia.org/en/contact-us-3/

ច្បាប់ដែលពាក់ព័ន្ធ

ច្បាប់​ទាំង​នេះ​បាន​ចែង​នូវ​សិទ្ធិ​ និងបទ​ល្មើស​ព្រហ្មទណ្ឌ​មួយចំនួន​ ហើយ​និង​មាត្រា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ផ្លូវ​ភេទ​ ។

បង្ហាញព័ត៌មាន

ក្រមព្រហ្មទណ្ឌ (ឆ្នាំ ២០០៩)

ក្រមព្រហ្មទណ្ឌ ចែងពីបទល្មើស​ព្រហ្មទណ្ឌ និងទោសទណ្ឌចំពោះអំពើមួយចំនួន ដូចជាឃាតកម្ម ហិង្សា រំលោភសេពសន្ថវៈ​ ប្រទូសកេរខ្មាស បៀតបៀនផ្លូវភេទ​ ការគំរាមកំហែង និងបទល្មើស​ព្រហ្មទណ្ឌផ្សេងទៀត
ខ្មែរ / អង់គ្លេស

ក្រមរដ្ឋប្បវេណី (​២០០៧)​

ក្រម​រដ្ឋប្បវេណី ចែងអំពីសិទ្ធិ កាត្វកិច្ច និងដំណើរការ​ផ្លូវច្បាប់​សម្រាប់អាពាហ៍ពិពាហ៍ ការលែងលះ អភិបាលកិច្ចនិង​ការគាំទ្រកុមារ និងការបែងចែកទ្រព្យសម្បត្តិ ។
ខ្មែរ / អង់គ្លេស

ក្រមនីតិវិធីព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រ​កម្ពុជា (២០០៧)​

ក្រមនេះ ចែងអំពី​នីតិវិធីស្វែងរកយុត្តិ​ធម៌ព្រហ្មទណ្ឌនៅ​កម្ពុជា ដែលរួមមាន សិទ្ធិរបស់ដើមបណ្តឹង​ដើម្បីមានមេធាវី ស្នើសុំសំណង និងសវនាការអសាធារណៈជាដើម ។ ក្រមនេះ ក៏បានចែងពី​ការទទួលខុសត្រូវរបស់នគរបាល​មានសមត្ថកិច្ច ប្រសិនបើពួកគេពុំបាន​បំពេញតួនាទីត្រឹមត្រូវ​នៅពេលមានភស្តុតាង​នៃអំពើហិង្សា ។
ខ្មែរ / អង់គ្លេស

ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ (២០០៥)​

ច្បាប់នេះនិយាយអំពី​អំពើហិង្សាក្នុងគ្រួសារ កាតព្វកិច្ចរបស់អាជ្ញាធរ​ក្នុងការអន្តរាគមន៍​លើករណីអំពើហិង្សា និងដំណើរការ​នៃការដោះស្រាយ និង/ឬសម្រុះសម្រួល ​និងនីតិវិធីក្នុងការទទួលបាន​ដីការក្សាការពារ និងការសម្រេចចិត្ត​ផ្នែករដ្ឋបាលនានា ។
ខ្មែរ / អង់គ្លេស

ប្រកាសរួម​ស្តីពី​ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់ការរាយការណ៍ព័ត៌មាន​អំពើហិង្សាលើស្ត្រី (២០១៧) ​

ក្រមនេះបង្កើតឡើងក្នុងគោល​បំណងឱ្យ​បណ្តាញសារព័ត៌មានធ្វើការចុះផ្សាយ​ពីហិង្សាលើស្ត្រី ដោយធ្វើការ​រាយការណ៍បិទបាំងអត្តសញ្ញាណ ឬរូបភាពរបស់អ្នក​ត្រូវបានរងគ្រោះដោយ​អំពើហិង្សា ។
ខ្មែរ / អង់គ្លេស

សេចក្តីណែនាំ​ស្តីពី​នីតិវិធីដែលត្រូវអនុវត្ត​ចំពោះជនរងគ្រោះជាអនីតិជន​នៅក្នុងសំណុំរឿង​ព្រហ្មទណ្ឌ (២០២៣)

សេចក្តីណែនាំនេះ លើកឡើងអំពីវិធានការ​ការពារសុខុមាលភាពរបស់​កុមារដែលឆ្លងកាត់​ដំណាក់កាល​នីតិវិធីច្បាប់ រួមមានការកាត់បន្ថយការសម្ភាសន៍​ តម្រូវការឱ្យធ្វើដំណើរ និងការបង្ហាញខ្លួន​នៅចំពោះមុខជនសង្ស័យ ក៍ដូច​ជាការជួយឱ្យមាន​មេធាវី និងសវនាការអសាធារណៈ ។
ខ្មែរ

ទាញយក

សូម​ចុច​លេី​តំណ​ភ្ជាប់​ខាង​ក្រោម​ ដេីម្បី​ទាញ​យក​ និង​រក្សាទុក​ប្រភពព័ត៌មាន​ទាំង​នេះ​ ពី​គេហទំព័រ​នេះ​ ។

បង្ហាញព័ត៌មាន

ខិត្តប័ណ្ណ

អំពើហិង្សាក្នុងគ្រួសារ៖ យល់ដឹងអំពីសិទ្ធិរបស់អ្នក
ខ្មែរ / អង់គ្លេស

អំពើរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ៖ យល់ដឹងអំពីសិទ្ធិរបស់អ្នក
ខ្មែរ / អង់គ្លេស

ចាកចេញឥឡូវនេះ