ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ
ចេញផ្សាយ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋប្រមាណ ១ម៉ឺននាក់ មកពីសហគមន៍ជនបទ និងទីក្រុង បានចូលរួមដើរក្បួន និងប្រារព្ធទិវានេះនៅទីតាំងចំនួន ២០កន្លែង ទូទាំងប្រទេសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវានេះ ត្រូវបានរៀបចំឡើងដោយបណ្តាញក្រៅប្រព័ន្ធ ក្រុមមិត្ត ១០ធ្នូ ដែលរួមមាន ក្រុមយុវជន សហគមន៍ដីធ្លី សមាគម កសិករ ព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាល។
នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជាច្រើនក្រុម បានដើរក្បួនដោយអហិង្សាពីទីកន្លែងខុសៗគ្នានៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជា កែទម្រង់ប្រព័ន្ធតុលាការ និងដោះលែងសកម្មជននិងអ្នកការពារសិទិ្ធមនុស្ស ដំឡើងប្រាក់ឈ្នួលអប្បបរមានិងគោរពសិទិ្ធការងារ បញ្ឈប់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធររដ្ឋ និងគោរពសេរីភាពក្នុងការបញ្ចេញមតិ ជួបជុំ និងប្រមូលផ្តុំដោយអហិង្សា។ ប្រធានបទសម្រាប់ទិវាសិទិ្ធមនុស្សនាឆ្នាំនេះ គឺ “យុត្តិធម៌”។