យុទ្ធនាការសុំឱ្យដោះលែងសកម្មជន និងអ្នកការពារសិទិ្ធមនុស្ស
ចេញផ្សាយ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នៅរយៈពេលចុងក្រោយនេះ អាជ្ញាធរបានធ្វើទុក្ខបុកម្នេញ ចាប់ខ្លួនដាក់ពន្ធនាគារខ្លួន និងផ្ដន្ទាទោស អ្នកការពារបរិស្ថាននិងសកម្មជនសង្គមជាច្រើន ដែលបានលើកឡើងពីការព្រួយបារម្ភជុំវិញបញ្ហាដូចជា ការគ្រប់គ្រងទឹកកខ្វក់ អាជីវកម្មបូមខ្សាច់ ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជា សិទ្ធិការងារ និងសិទ្ធិនយោបាយ ជាដើម ។
នៅមុនទិវាសិទិ្ធមនុស្សអន្តរជាតិ ខាងមុខនេះ ក្រុមសង្គមស៊ីវិល នឹងធ្វើការតស៊ូមតិជារៀងរាល់សប្ដាហ៍ ដើម្បីស្នើសុំឱ្យដោះលែងអ្នកការពារសិទិ្ធមនុស្សទាំងអស់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងដើម្បីលើកឡើងពីភាពក្លាហាន និងការងារលំបាកៗ ដែលអ្នកទាំងនេះបានធ្វើកន្លងមក នៅមុនពេលចាប់ខ្លួន ។ សកម្មជន៦នាក់ក្នុងចំណោមពួកគេគឺជាអ្នកការពារបរិស្ថានមកពីចលនាមាតាធម្មជាតិកម្ពុជា ដែលកំពុងប្រឈមនឹងការចោទប្រកាន់ដោយមិនសមហេតុផលពី បទរួមគំនិតក្បត់ ដោយក្នុងនោះមាន២នាក់ ត្រូវបានចោទប្រកាន់បន្ថែមទៀតពី បទប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ អ្នកផ្សេងទៀតគឺជាអ្នកដឹកនាំសហជីព ព្រះសង្ឃ និងសមាជិកក្រុមយុវជនខ្មែរថាវរៈ ។
សកម្មជនទាំងនេះ តែងបញ្ចេញមតិអំពីបញ្ហាដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែពួកគេបែរជាត្រូវទទួលរងនូវការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការផ្តន្ទាទោសដាក់ពន្ធនាគារទៅវិញ ។
ដល់ពេលហើយដែលត្រូវទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនទាំងនេះ ក៏ដូចជាអ្នកការពារសិទ្ធិមនុស្សទាំងអស់ ៕
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម មាតាធម្មជាតិ