លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គម ត្រូវបានចាប់ដាក់ពន្ធនាគារ ជុំវិញការបង្ហោះសារលើហ្វេសប៊ុក
ចេញផ្សាយ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នាព្រឹកនេះ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គមដោយឥតសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារ ក្រោយពីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រនេះ ។
លោក នី ណាក់ បានអះអាងថា បទចោទទាំងនេះ ត្រូវបានប្ដឹងឡើង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបានចោទសួរអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ដីទំហំ៩១ហិចតា នៅក្នុងខេត្តកំពត ទៅកាន់មនុស្សម្នាក់ឈ្មោះ ហេង សួរ ។ សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា អ្នកទទួលបានដីនេះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបច្ចុប្បន្ននេះ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលបដិសេធវិញ ។ ពេលនេះ លោកកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ ។
លោក នី ណាក់ បានលើកឡើងថា ការចាប់ខ្លួនលោកធ្វើឡើង តាមរយៈពាក្យបណ្ដឹងរបស់លោក ហេង សួរ ជុំវិញការបង្ហោះសាររបស់លោកមួយ ក្នុងចំណោមសារផ្សេងទៀតនៅលើបណ្ដាញសង្គម ដែលបានចែករំលែកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានចោទជាសំណួរថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។
កន្លងមក លោកធ្លាប់ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសពីបទញុះញង់ និងបទប្រមាថជាសាធារណៈ កាលពីខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវីដេអូមួយ ដែលលោកបានកែពាក្យពេចន៍នៃប្រសាសន៍របស់អតីតសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានលើកឡើងថា លោកនឹងដាក់ទ្រង់មាន់របស់លោកក្នុងស្ថានភាពអាសន្ន ហើយថា មាន់របស់លោកនឹងត្រូវពាក់ម៉ាស់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីត-១៩ ។ ពេលនោះ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកំណត់ ១៨ខែ ចំពោះបទចោទទាំងនោះ ។
លោក នី ណាក់ បានបន្តការអធិប្បាយឥតសំចៃមាត់ ក្រោយពីត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ។ លោក និងភរិយា ត្រូវបានវាយដំដោយដំបងដែក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីការវាយប្រហារនោះ ដែលបង្ហាញពីការវាយប្រហារទាំងកណ្ដាលថ្ងៃរាប់សិបករណី ទៅលើសមាជិកគណបក្សជំទាស់ និងអ្នករិះគន់រាជរដ្ឋាភិបាល ដែលគ្មានអ្នកទទួលខុសត្រូវ នៅរយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ ៕
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម បញ្ហាពន្ធនាគារ