សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលោក កង សារ៉ន ដាក់ក្នុងពន្ធនាគារ
ចេញផ្សាយ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤សាលាឧទ្ធរណ៍បាត់ដំបងថ្ងៃនេះ បានតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើ លោក កង សារ៉ន ដែលជាសកម្មជនសង្គម ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០២៣ ជុំវិញការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ។
លោក សារ៉ន ត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ពេលដែលលោកបានបញ្ចេញមតិនៅក្នុងវីដេអូមួយ ដែលបង្ហោះតាមគណនីហ្វេសប៊ុករបស់លោក នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតថ្នាក់ជាតិ ។ ក្រោយមក លោក សារ៉ន ក៏ត្រូវបានលែងវិញបន្ទាប់ពីលោកបានធ្វើការសុំទោស ។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានកាត់ទោស ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” “ជេរប្រមាថជាសាធារណៈ” និងបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា និងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ។
សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់ការផ្តន្ទាទោសខាងលើនេះ កាលពីថ្ងៃព្រហស្បតិ៍ ។ ដូចនេះលោកនឹងនៅបន្តក្នុងពន្ធនាគារ រង់ចាំការប្តឹងសាទុក្ខទៅតុលាការកំពូល ។
កាលពីខែធ្នូ នគរបាលចំនួន ៦ នាក់ បានចូលក្នុងទីស្នាក់ការរបស់អង្គការលីកាដូខេត្តបន្ទាយមានជ័យ និងបាននាំក្រុមគ្រួសារលោកសារ៉ន ចំនួន ៤នាក់ ដែលមករកសេវាប្រឹក្សាផ្លូវច្បាប់ពីអង្គការ លីកាដូ ចេញទៅ ។ នគរបាលមិនបានបង្ហាញឯកសារអ្វីទាំងអស់ ដល់បុគ្គលិកអង្គការ លីកាដូ ហើយក្រុមគ្រួសារទាំងបួននាក់ត្រូវបាននគរបាលអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញប៉ុន្មានម៉ោងក្រោយមក ៕
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- ការបោះឆ្នោត សិទិ្ធបញ្ចេញមតិ និងចូលរួម