អត្ថបទ
អត្ថបទ | “ហេតុអ្វីក៏អាជ្ញាធរមិនការពារ?”ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
ការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងសំណុំរឿង អំពើហិង្សាក្នុងគ្រួសារ ដោយមិនមានការធានាពីមធ្យោបាយតាមផ្លូវតុលាការ និងសេវាកម្មគាំទ្រ គឺធ្វើឱ្យជីវិតស្តី្រនិងកុមារស្ថិតក្នុងហានិភ័យ ។ ទោះបីជាយ៉ាងនេះក្ដី បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតវិធីសាស្ត្រនេះបន្ថែមទៀត ក្នុងព្រះរាជក្រឹត្យថ្មីមួយ ។
អ្នកស្រី បុប្ផា និងអ្នកស្រី សុធី* ដែលជាអ្នកចែករំលែករឿងរ៉ាវខាងលើ គឺជាស្រី្តដែលស្ថិតក្នុងចំណោមស្រ្តីរងគ្រោះទាំងនោះ ។ សម្រាប់យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំនេះ អង្គការលីកាដូ នឹងឈរជាមួយពួកគេក្នុងការទាមទារឱ្យមានភាពយុត្តិធម៌ និងសុវត្ថិភាពសម្រាប់អ្នកទាំងនោះ ។
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋជាច្រើន កំពុងធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់មនុស្សគ្រប់រូប ។ ពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរ ដែលជារឿយៗកើតឡើងពីសំណាក់អាជ្ញាធរ ។
អ្នកការពារសិទ្ធិមនុស្សទាំងនេះ រួមមានកសិករ បុគ្គលិកក្រុមហ៊ុនឯកជន និងយុវជន ដែលរួមចំណែកតស៊ូសម្រាប់សហគមន៍របស់ពួកគេ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេ មិនសូវទទួលបានការទទួលស្គាល់ដែលពួកគេគួរតែទទួលបាននោះទេ ប៉ុន្តែមានតម្លៃខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនៅថ្ងៃអនាគត ។
អំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២៣ អង្គការលីកាដូ បានសម្ភាសអ្នកការពារសិទ្ធិមនុស្សចំនួន៦រូប ។ អ្នកទាំងនេះ នៅតែបន្តការតស៊ូដើម្បីសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ទោះបីជាជួបប្រឈមនូវបញ្ហាលំបាកខ្លាំងយ៉ាងណា ។ បទពិសោធន៍របស់ពួកគេត្រូវបានចែករំលែកនៅខាងក្រោមនេះ ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ព្រៃឡង់ គឺជាតំបន់ទំនាបព្រៃបៃតងធំជាងគេ នៅអាស៊ីអាគ្នេយ៍ និងជាព្រៃដែលមានជីវៈចម្រុះច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា រួមមាន សត្វ និងរុក្ខជាតិកម្រ ព្រមទាំងជាប្រភពទឹកដ៏សំខាន់ សម្រាប់ទន្លេ ។ វាមានតំបន់អភិរក្សព្រៃឡង់ ដែលត្រូវបានប៉ាន់ប្រមាណថា គ្របដណ្ដប់លើផ្ទៃដីប្រមាណជា ៥០ម៉ឺន ហិកតា ។ ព្រៃឡង់គឺជាជម្រករបស់មនុស្សជាច្រើននាក់ ក្នុងនោះមានជនជាតិដើមភាគតិចកួយ ផងដែរ ។
ព្រៃឡង់ បានដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរស់នៅ និងវប្បធម៌របស់ជនជាតិដើមភាគតិចកួយ ជាច្រើនជំនាន់ ។ ឈ្មោះពិតប្រាកដនៃ “ព្រៃឡង់” ជាភាសាកួយគឺមានន័យថា “ព្រៃរបស់យើង” ។ ប៉ុន្តែព្រៃនេះ កំពុងរងការខូចខាតដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយព្រៃដែលនៅសល់កំពុងរងការគំរាមកំហែង ។ ការបំផ្លិចបំផ្លាញព្រៃឈើ បានធ្វើឱ្យទំហំព្រៃឡង់រួមតូចទៅៗកាន់តែខ្លាំង ។ ពុំមានទិន្នន័យជាក់លាក់ពិតប្រាកដទេ ប៉ុន្តែទំហំព្រៃឡង់សព្វថ្ងៃគឺនៅសល់ត្រឹមចន្លោះពី ១៣ម៉ឺន ទៅ៣៥ម៉ឺន ហិកតាប៉ុណ្ណោះ ។
លោក ខេម សុឃី គឺជាសកម្មជនការពារបរិស្ថាន និងជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ដែលតែងតែល្បាតព្រៃឡង់ ។ បណ្ដាញសហគមន៍ព្រៃឡង់ គឺជាក្រុមសមាជិកសហគមន៍មូលដ្ឋានមួយ ដែលការពារព្រៃពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងកសិឧស្សាហកម្មដែលប៉ះពាល់ដល់ព្រៃឈើ ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនៃការបំផ្លិចបំផ្លាញព្រៃឈើយ៉ាងទូលំទូលាយនៅកម្ពុជា ព្រៃឡង់ត្រូវបានកំណត់ជាគោលដៅយ៉ាងជាក់លាក់ ដោយសារតម្រូវការនៃឈើប្រណិត ដែលមានតម្លៃថ្លៃនៅក្នុងឧស្សាហកម្មគ្រឿងសង្ហារឹម ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវធ្វើឡើង នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ការគំរាមកំហែង និងវិធីសាស្ត្របំភិតបំភ័យ នៅតែបន្តត្រូវបានប្រើប្រាស់ ដើម្បីរារាំងអ្នកតស៊ូមតិដែលនៅសេសសល់សម្រាប់សេរីភាព និងប្រជាធិបតេយ្យ នៅកម្ពុជា ។ ការបៀតបៀនផ្លូវភេទ និងអំពើហិង្សាលើរូបរាងកាយ គឺជាមធ្យោបាយតាមអំពើចិត្តក្នុងការគាបសង្កត់នេះ ។ គ្រួសារសកម្មជន រងគ្រោះពីការវាយប្រហារដោយការដាក់គោលដៅ ហើយមនុស្សមួយចំនួនបានដកការគាំទ្រសម្រាប់ពួកគេ ដោយសារតែការភ័យខ្លាចនៃប្រតិកម្មពីសំណាក់អាជ្ញាធរ ។
អ្នកស្រី ព្រុំ ចាន់ថា និងគ្រួសារ គឺស្ថិតក្នុងចំណោមសកម្មជនជាច្រើននាក់ ដែលកំពុងទាមទារឱ្យមានយុត្តិធម៌ខាងនយោបាយ នៅកម្ពុជា ។ អ្នកស្រី គឺជាសមាជិកលេចធ្លោមួយរូបនៃ “ក្រុមស្រ្តីថ្ងៃសុក្រ” ដែលជាសកម្មជនស្ត្រី ដោយត្រូវបានស្គាល់ពីការតវ៉ា ដើម្បីទាមទារឱ្យមានការដោះលែងស្វាមីរបស់ពួកគេ ដែលត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់ពួកគេ ។ នៅមុនការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ខាងមុខនេះ ការងាររបស់ពួកគេ គឺរឹតតែសំខាន់ជាងមុនទៀត ក្នុងការជួយឱ្យមានតម្លាភាពចំពោះអ្នកដែលរំលោភតួនាទីអំណាចរបស់ពួកគេ ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ការរំលោភយកដីធ្លី ការផ្ដល់ដី និងការបណ្ដេញចេញដោយបង្ខំ នៅតែបន្តកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ។ ដីសម្បទានសេដ្ឋកិច្ចទំហំធំជាច្រើន ត្រូវបានផ្ដល់ឱ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ដែលជាដើមហេតុចម្បងមួយនៃបញ្ហាដីធ្លី រួមមានការបណ្ដេញចេញដោយបង្ខំ និងការរំលោភយកដីធ្លី ចាប់តាំងពីអំឡុងឆ្នាំ២០០៥មក ដោយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់សែននាក់ ។ គ្រួសារជាច្រើនត្រូវបានបណ្ដេញចេញដោយបង្ខំ ហើយសហគមន៍ទាំងមូល ត្រូវបានបាត់បង់ផ្ទះសម្បែង ប្រវត្តិសាស្រ្ត និងជីវភាពរស់នៅរបស់ពួកគេ ។ សកម្មជនដីធ្លី និងអ្នកការពារបរិស្ថាន ប្រឈមនឹងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ដោយសារតែការសម្ដែងមតិរបស់ពួកគេប្រឆាំងនឹងការផ្ដល់ដី និងការរំលោភយកដីធ្លី ទាំងនេះ ។ លោក សែម សាង គឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេទាំងនោះ ។
លោក សែម សាង បាននិយាយថា “ខ្ញុំជាកសិករនៅភូមិស្រែប្រាំងផ្ទាល់តែម្ដង ហើយជាស្រុកកំណើតរបស់ខ្ញុំតែម្ដង” ។ គ្រួសាររបស់លោក និងប្រជាពលរដ្ឋប្រមាណជាង ៦០០គ្រួសារផ្សេងទៀត នៅក្នុងសហគមន៍ជាច្រើន ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានរងគ្រោះដោយទំនាស់ដីធ្លីជាច្រើនឆ្នាំជាមួយក្រុមហ៊ុនចំការកៅស៊ូចិន ហាម៉ឹនី វីន អ៊ិនវេសមេន ។ ការកាន់កាប់របស់ក្រុមហ៊ុន ទៅលើដីធ្លីនេះ ត្រូវបានគាំទ្រ និងអនុវត្តដោយរដ្ឋ ហើយក្រុមហ៊ុននេះ បានទាមទារយកដីព្រៃ និងដីស្រែចំការរបស់សហគមន៍ ។ ការមើលឃើញពីការរំលោភបំពានទាំងនេះ បានលើកទឹកចិត្តលោក សែម សាង ដើម្បីឱ្យធ្វើការឆ្លើយតប ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
កួយគឺជាជនជាតិដើមភាគតិចមួយក្រុម ក្នុងចំណោមជនជាតិដើមភាគតិចប្រមាណជា ២៤ក្រុម នៅក្នុងប្រទេសកម្ពុជា ។ សិទ្ធិរបស់ជនជាតិដើមភាគតិចកួយ ត្រូវបានផ្ដល់ឱ្យនូវការការពារពិសេស តាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដោយសារតែភាពងាយរងគ្រោះរបស់ពួកគេ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ផ្អែកលើវប្បធម៌ ជីវភាពរស់នៅ និងជំនឿ ដែលមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយធនធាន និងដីធ្លីដូនតារបស់ពួកគេ ។ បន្ទាប់ពីបានឃើញការរំលោភបំពានសិទ្ធិដីធ្លីជាច្រើនលើកនៅសហគមន៍កួយក្នុងឃុំប្រមេរុ លោក ស៊ុត សាវន បានចាប់ផ្ដើមចូលរួមសកម្មភាពការពារសិទ្ធិជនជាតិដើមភាគតិច ។
សហគមន៍របស់លោក សាវន បានជួបបញ្ហាប្រឈមជាច្រើនឆ្នាំ ជាមួយក្រុមហ៊ុន ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ។ ដូចគ្នាទៅនឹងទម្រង់ផ្សេងទៀតនៃការគ្រប់គ្រងដីដែលផ្ដល់ដោយរដ្ឋផងដែរ ដីសម្បទានទាំងនេះបានអនុញ្ញាតឱ្យក្រុមហ៊ុន អភិវឌ្ឍដីធ្លីទាំងនោះទៅជាឧស្សាហកម្មពាណិជ្ជកម្ម ដែលប៉ះពាល់ដល់ក្រុមជនជាតិដើមភាគតិចដែលរស់នៅទីនោះ ។ ក្រុមហ៊ុនដូចជា ឡាន ហ្វេង (ខេមបូឌា) អ៊ិនធើណេសិនណល ខមភេនី លីមីធីត និងក្រុមហ៊ុនស្ករអំពៅ ហេងហ្វូ បានទន្ទ្រាន ភ្ជួរ និងឈូសឆាយ ដីសហគមន៍ អស់ជាច្រើនឆ្នាំ ។ ការរំលោភយកដីធ្លីនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផ្ទះសម្បែង ជីវភាពរស់នៅ និងវប្បធម៌របស់ពួកគេ ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
កូដកម្មដែលអូសបន្លាយពេលយូរជាងគេ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា បានចាប់ផ្ដើមកើតមាន នៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ។ កូដកម្មនេះ ធ្វើឡើងដោយសហជីពមួយដែលមានថ្នាក់ដឹកនាំជាស្ត្រី គឺសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (សហជីពណាហ្គាវើលដ៍) ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ នៅកាស៊ីណូប្រណិត ណាហ្គាវើលដ៍ កាលពីខែមេសា ឆ្នាំ២០២១ ។ ប្រធានសហជីពនេះ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានជំនុំជម្រះនៅក្នុងសវនាការ ជាមួយសមាជិក និងអ្នកគាំទ្រសហជីពណាហ្គាវើលដ៍ ចំនួន៨នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ ។ កញ្ញា ឈឹម សុខន គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្រ្តីទាំង៩នាក់ នៃសហជីពណាហ្គាវើលដ៍ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ ។
ទោះបីជាទទួលរងសម្ពាធពីការទទួលខុសត្រូវច្រើនពីដំបូង កញ្ញា សុខន ត្រូវបានលើកទឹកចិត្តដោយស្មារតីសាមគ្គីនៅក្នុងសហជីព៖ “នៅពេលនាងខ្ញុំទៅចូលរួមប្រជុំរហូតចឹង គេក៏សំឡឹងឃើញខ្ញុំចាប់អារម្មណ៍ការងារសហជីពអ៊ីចឹង គេក៏ធ្វើការបោះឆ្នោតដោយឱ្យនាងខ្ញុំឈរឈ្មោះ ហើយពេលហ្នឹងខ្ញុំអត់មានចំណាប់អារម្មណ៍ចង់ឈរឈ្មោះទេ” ។ ការបញ្ឈប់បុគ្គលិកនៅខែមេសា ឆ្នាំ២០២១ បានធ្វើឱ្យមនុស្ស ១៣២៩នាក់ ត្រូវបានបណ្ដេញចេញពីការងារ ។ ក្នុងនោះ បុគ្គលិកប្រមាណជា ១១០០នាក់ (៨២%) មានជាប់ពាក់ព័ន្ធនឹងសហជីពណាហ្គាវើលដ៍ រួមមានថ្នាក់ដឹកនាំទាំងអស់ និងសមាជិកជាច្រើននាក់ទៀត ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ប្រជាពលរដ្ឋកម្ពុជា មានបំណុលមីក្រូហិរញ្ញវត្ថុក្នុងមនុស្សម្នាក់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ។ កម្ចីហិរញ្ញវត្ថុគិតជាមធ្យម គឺច្រើនជាង៤ដង នៃប្រាក់ចំណូលមធ្យមប្រចាំឆ្នាំនៅក្នុងប្រទេស ហើយការខ្វះនៃបទប្បញ្ញត្តិគ្រប់គ្រាន់ បានអនុញ្ញាតឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រកប្រាក់ចំណេញដោយរំលោភបំពានលើសិទ្ធិរបស់អតិថិជនជាច្រើន ។
អស់រយៈពេលជាច្រើនឆ្នាំនៃការផ្ដល់ប្រាក់កម្ចីបែបកេងចំណេញ និងប្រកបដោយគ្រោះថ្នាក់ បានបង្កើតឱ្យមានវិបត្តិបំណុល និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។ ការគំរាមកំហែង និងការបំភិតបំភ័យ ជាប្រព័ន្ធ គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយមន្ត្រីឥណទាន ដើម្បីធ្វើឱ្យអ្នកខ្ចីប្រាក់ខ្មាសគេ ឬភ័យខ្លាច ហើយលក់ដីក្រៅប្រព័ន្ធតុលាការ ដោយមិនចាំបាច់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវធ្វើតាមនីតិវិធីច្បាប់ដើម្បីប្រមូលឥណទានមកវិញនោះទេ ។ កម្មសិទ្ធិដីធ្លី គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែវាជាសិទ្ធិមូលដ្ឋានរបស់ពួកគេដូចជា សិទ្ធិមានអាហារបរិភោគគ្រប់គ្រាន់ សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិមានជីវភាពសមរម្យ និងសិទ្ធិច្រើនទៀត ។ ប៉ុន្តែប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ជាង ១៦ម៉ឺននាក់ បានលក់ដីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានន័យថា នៅរៀងរាល់១៦នាទី មានការលក់ដីម្ដង ។
អ្នកស្រី ដេត ហ៊ួ គឺជាសកម្មជន និងតំណាងសហគមន៍ដីធ្លី១៩៧ នៅក្នុងឃុំជីខលើ ខេត្តកោះកុង ។ អ្នកស្រី បានចាប់ផ្ដើមធ្វើជាអ្នកការពារសិទ្ធិដីធ្លី ធ្វើការជាមួយសហគមន៍របស់ខ្លួន ដើម្បីតស៊ូប្រឆាំងនឹងការរំលោភយកដីធ្លីរបស់ពួកគេ ពីសំណាក់ក្រុមហ៊ុនអ្នកមានអំណាចមួយ ។ ចាប់តាំងពីពេលនោះមក អ្នកស្រីបានពង្រីកភាពសកម្មនិយមរបស់អ្នកស្រី ដើម្បីតស៊ូប្រឆាំងនឹងវិធីសាស្ត្រកេងប្រវ័ញ្ច និងដោយរំលោភបំពាន ពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានធ្វើឱ្យប៉ះពាល់ដល់សហគមន៍របស់អ្នកស្រី ។
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
សមាជិកសហគមន៍ប្រមាណជាង ១០០០នាក់ មកពីខេត្តសៀមរាប កោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ បានប្រមូលផ្ដុំគ្នា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយទៅលើបញ្ហាជម្លោះដីធ្លី ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ ទោះបីជាករណីខ្លះមានការរារាំងក្នុងការធ្វើដំណើរ និងការជួបជុំគ្នា ពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដោយ ។
នៅថ្ងៃទី២៧ និង២៨ ខែមីនា ប្រជាពលរដ្ឋប្រមាណ ១៥០នាក់ មកពីសហគមន៍ចំនួន៧ ក្នុងខេត្តសៀមរាប បានជួបជុំគ្នា ក្នុងរាជធានីភ្នំពេញ ដោយអ្នកតំណាងរបស់ពួកគេ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្នុងនាមប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរស់នៅក្នុងតំបន់ឧទ្យានអភិរក្សអង្គរ ជាតំបន់បេតិកភណ្ឌពិភពលោកនៃអង្គការ អប់រំ វិទ្យាសាស្រ្ត និងវប្បធម៍ នៃសហប្រជាជាតិ ហៅកាត់ថា “អង្គការយូណេស្កូ” ដែលរួមមានប្រាសាទអង្គរវត្ត ជាដើម ។ ញត្តិរបស់ពួកគេមានរៀបរាប់ពី ការស្នើសុំឱ្យរាជរដ្ឋាភិបាលប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋ ចេញបទប្បញ្ញត្តិអភិរក្សឃ្លាំងទឹក៧៨ ក៏ដូចជាផ្ដល់សំណងសមរម្យចំពោះអ្នកដែលបានរងផលប៉ះពាល់ពីការបណ្ដេញចេញនៅក្នុងទីតាំងនោះ ។ រាជរដ្ឋាភិបាល ធ្លាប់បានលើកឡើងថា ការបណ្ដេញចេញគឺចាំបាច់ ដើម្បីរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ។
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នារសៀលនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក សហស្ថាបនិកនៃគណបក្សបេះដូងជាតិខ្មែរ និងមនុស្ស១២ទៀត ពីបទក្លែងបន្លំ និងបទប្រើប្រាស់ឯកសារក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ។ លើសពីនេះ លោក សៀម ភ្លុក ដែលត្រូវបានឃុំខ្លួនតាំងពីខែមេសា ឆ្នាំ២០២២ ក៏ដូចជាជនជាប់ចោទ៣នាក់ទៀត ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនពេលប្រកាសសាលក្រម ដោយមិនដឹងមូលហេតុ ។
តុលាការ បានកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៥លានរៀល (ប្រមាណ ១.២៥០ដុល្លារ) ខណៈដែលជនជាប់ចោទ១២នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ដូចៗគ្នាផងដែរ ។ ពុំមានការចេញដីកាចាប់ខ្លួនពួកគេទេ ហើយតុលារការ ក៏មិនបានបញ្ជាក់ហេតុផលចំពោះសាលក្រមនេះដែរ ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ឯកឧត្ដម កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ (CNRP) ពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។ ឯកឧត្ដម ត្រូវបានផ្ដន្ទាទោស ២៧ឆ្នាំ ក្នុងពន្ធនាគារ និងភ្លាមៗត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ ក្រោយពីត្រូវបាននាំចេញពីបន្ទប់សវនាការដោយសន្តិសុខ និងនគរបាល៥នាក់ ។ ការផ្ដន្ទាទោសនេះ ធ្វើឡើងនៅរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ មុនពេលឈានដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ។
តុលាការ ក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ចំពោះឯកឧត្ដម កឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែម តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រម បានរៀបរាប់ថា ទំហំគ្រោះថ្នាក់ គឺពុំទាន់ត្រូវបានវាយតម្លៃនៅឡើយ ដែលទំនងជាពាក់ព័ន្ធនឹងវិធានការរដ្ឋប្បវេណី ដែលអាចនឹងត្រូវបានប្ដឹង ស្របតាមមាត្រា២២នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូលបានសម្រេចតំកល់សេចក្តីសម្រេចផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងបណ្តឹងចំនួនពីរ ដែលមួយត្រូវបានប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងមួយទៀតដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីការណ៍ដែលលោករិះគន់ជាសាធារណៈទៅលើដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។
លោក សុន ឆ័យ ត្រូវបានតុលាការបង្គាប់ឱ្យសងជំងឺចិត្តជាប្រាក់ចំនួន ៤ ពាន់លានរៀល (ប្រហែល១លានដុល្លារអាមេរិក) ទៅគណបក្សប្រជាជនកម្ពុជា និងរងពិន័យពីរផ្សេងទៀតដែលសរុបចំនួន ២០ លានរៀល (ប្រហែល ៥.០០០ ដុល្លារ) ដូចនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីខែធ្នូ ឆ្នាំ២០២២ ។ អចលនទ្រព្យចំនួនពីរកន្លែងរបស់លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដីការក្សាការពារ (បង្កកទុក) ចាប់តាំងពីខែវិច្ឆិកា ដើម្បីរារាំងលោកពីការលក់ ឬផ្ទេរកម្មសិទិ្ធទៅអ្នកដទៃ តាមរយៈសំណើរបស់គណបក្សប្រជាជនកម្ពុជា ។
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
នាព្រឹកនេះ រាជរដ្ឋាភិបាល បានសម្រេចដកហូតអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM) ជាស្ថាប័នគ្រប់គ្រងទៅលើសារព័ត៌មានដែលផ្សាយជាពីរភាសាគឺ វីអូឌី (VOD) ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយដែលនៅសេសសល់ ។
ក្រសួងព័ត៌មាន បានដកហូតអាជ្ញាប័ណ្ណវីអូឌី ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់សម្ដេច ដែលជាមេបញ្ជាការកងទ័ពជើងគោក បានចោទជាបញ្ហាចំពោះអត្ថបទរបស់វីអូឌីដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែកុម្ភៈ ដោយបង្ហាញពីប្រតិកម្មមួយចំនួន ពីមនុស្សផ្សេងៗគ្នា ។ នេះរួមមាន ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ផងដែរ ពាក់ព័ន្ធនឹងការអះអាងថា ឯកឧត្ដម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្ដល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ប្រទេសតួគី ។ ទាំងឯកឧត្ដម ហ៊ុន ម៉ាណែត និងសម្ដេចនាយករដ្ឋមន្ត្រី ក្រោយមកបានបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីបដិសេធទៅលើរឿងដែលថា ឯកឧត្ដម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារនោះ ។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអតីតថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ពីបទរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។ អតីតសកម្មជនគណបក្សជំទាស់ទាំងនេះ ត្រូវបានកាត់ទោសម្នាក់ៗឱ្យជាប់ពន្ធនាគារ ចន្លោះពី ៥ឆ្នាំ ដល់ ៧ឆ្នាំ ហើយសកម្មជនតែ៣នាក់ប៉ុណ្ណោះដែលបានទទួលការព្យួរទោស ។ សកម្មជនចំនួន ១១នាក់ ត្រូវបានព្យួរសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ។
សកម្មជននយោបាយទាំងនេះ ត្រូវបានផ្ដន្ទាទោសដោយផ្អែកលើការបង្ហោះសារនៅលើហ្វេសប៊ុក និងការថតសំឡេងសន្ទនាតាមទូរសព្ទជាលក្ខណៈឯកជន ពាក់ព័ន្ធនឹងការព្យាយាមធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ របស់អ្នកស្រី មូរ សុខហួរ និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត កាលពីខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមតតាំងក្នុងសវនាការដ៏ធំមួយទៀត ។ អ្នកស្រី សុខហួរ ត្រូវបានបដិសេធមិនឱ្យឡើងយន្តហោះ ដោយសារអាជ្ញាធរកម្ពុជា បានលុបចោលលិខិតឆ្លងដែនរបស់អ្នកស្រី ព្រមទាំងបានបដិសេធក្នុងការផ្ដល់ទិដ្ឋាការឱ្យអ្នកស្រីនៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
អ្នកភូមិចំនួន១៩នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងពេលមានការចាប់ខ្លួនជាបន្តបន្ទាប់ ដែលចាប់ កើតមានឡើងក្នុងខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីមួយដែលកំពុងកើតមានជាមួយក្រុមហ៊ុន សុខ សំណាង ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
កងកម្លាំងប្រដាប់ដោយអាវុធនិងដំបង ត្រូវបានដាក់ពង្រាយ ដើម្បីចាប់ខ្លួនអ្នកភូមិចំនួន ៨នាក់ និងដើម្បីត្រួតពិនិត្យការដុតកម្ទេចផ្ទះសម្បែង នៅក្នុងតំបន់ទំនាស់ នៅក្នុងហេតុការណ៍ហិង្សាចុងក្រោយ កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ។ ក្រុមអាវុធហត្ថ ដែលត្រូវបានស្គាល់ថាជា ប៉េអ៊ឹម បានចាប់ខ្លួនស្ត្រី៥នាក់ និងបុរស៣នាក់ ក្នុងរយៈពេលពីរថ្ងៃនោះ ។ វីដេអូមួយ ត្រូវបានថតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ដោយបង្ហាញថា កម្លាំងប៉េអ៊ឹម បានកាន់ដំបងវែង ក្នុងពេលចាប់ខ្លួនអ្នកភូមិម្នាក់ និងបានគំរាមកំហែង ប្រជាពលរដ្ឋផ្សេងទៀតមិនឱ្យថតយករូបភាព ។ វីដេអូផ្សេងទៀត ដែលអ្នកភូមិបានថតនៅថ្ងៃនោះ បង្ហាញថា ផ្ទះសម្បែងរបស់ពួកគេកំពុងត្រូវបានដុតបំផ្លាញ ។ ផ្សែងពណ៌សចេញពីបំណែកសេសសល់នៃផ្ទះដែលត្រូវបានដុតកម្ទេច នៅអាចមើលឃើញនៅឡើយ នៅពេលដែលអ្នកឃ្លាំមើលនៃអង្គការលីកាដូ បានទៅដល់កន្លែងកើតហេតុ នាល្ងាចថ្ងៃនោះ ។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២
បណ្ដាញកម្ចីប្រាក់អនឡាញ កំពុងដាក់គោលដៅលើស្រ្តីខ្មែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងថេលេក្រាម ដោយទាញអ្នកទាំងនោះឱ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជ្ញាធរ មិនទាន់បានចាត់វិធានការលើរឿងនេះទេ ដោយទុកឱកាសឱ្យក្រុមជំរិតទារប្រាក់ទាំងនេះ កេងប្រវ័ញ្ចលើស្រ្តីមួយចំនួនដោយនិទណ្ឌភាព ។
កាលពីឆ្នាំមុន អង្គការលីកាដូ បានផ្ដល់សេវាមួយចំនួនដល់ស្ត្រីបីនាក់ ដែលរងការបៀតបៀនដោយអ្នកផ្ដល់កម្ចីមិនផ្លូវការ ។ ស្ត្រីម្នាក់ៗជួបប្រទះរឿងរ៉ាវស្រដៀងគ្នា ដោយដំបូងពួកគេ បានខ្ចីប្រាក់ប្រមាណ ៥០ដុល្លារពីក្រុមហ៊ុនដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុក ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ឬព្យាបាលជំងឺ ប៉ុន្តែចុងក្រោយត្រូវបានក្រុមហ៊ុនគំរាមហែកកេរ្ដិ៍ និងជំរិតទារប្រាក់ បន្ទាប់ពីបានផ្ញើរូបភាព និងវីដេអូអាក្រាត នៅពេលពួកគេព្យាយាមគេចចេញពីបំណុលវ័ណ្ឌក ។
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ចំនួន៥១រូប ពីបទរួមគំនិតក្បត់ និងបទញុះញង់ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន ១២រូប ត្រូវបានកាត់ទោសដោយកំបាំងមុខ ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល ៨ឆ្នាំ ។ សមាជិក និងអ្នកគាំទ្រចំនួន ១៩រូប ផ្សេងទៀត ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ។ នាព្រឹកនេះ ក៏មានការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមនុស្សទាំង ៣១ នាក់ ផងដែរ ។
ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២
អ្នកការពារសិទ្ធិមនុស្សទាំង ១០ រូប ដែលមានប្រវត្តិរូបសង្ខេបដូចខាងក្រោមនេះ សុទ្ធតែជាថ្នាក់ដឹកនាំ និងសមាជិករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ។ សមាជិកសហជីពទាំងនេះ ជាអតីតបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនកាស៊ីណូរកប្រាក់ចំណេញបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ក្រុមហ៊ុននេះ មានម្ចាស់ជាជនជាតិ ម៉ាឡេស៊ី និងមានអាជ្ញាប័ណ្ណប្រតិបត្តិការផ្តាច់មុខក្នុងរាជធានីភ្នំពេញ ។
អ្នកទាំង ១0 រូប ដែលរួមមានទាំងបុរស និងស្រ្តី កំពុងជាប់ឃុំក្នុងពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) មណ្ឌលអប់រំកែប្រែទី២ (ម២) និងពន្ធនាគាររាជធានីភ្នំពេញ (ប៉េស៊ី) ។
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះជាថ្ងៃគំរប់ខួប១ខែ ចាប់តាំងពីកម្មករនយោជិតនៃសហភាពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានចាប់ផ្ដើមធ្វើកូដកម្ម និងតវ៉ាជារៀងរាល់ថ្ងៃដោយសន្តិវិធីនៅកណ្ដាលរាជធានីភ្នំពេញ ។ កម្មករនយោជិត បន្តធ្វើកូដកម្មប្រឆាំងនឹងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ដែលភាគច្រើនជាសមាជិកនិងអ្នកដឹកនាំសហជីពនៅក្នុងកាស៊ីណូ ក៏ដូចជាប្រឆាំងនឹងការផ្ដល់កញ្ចប់សំណងមិនសមរម្យ សម្រាប់និយោជិតដែលបានធ្វើការនៅទីនោះយូរឆ្នាំមកហើយ និងបញ្ហាផ្សេងៗទៀត។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
សិទ្ធិទទួលបានការអនុគ្រោះ គឺជាការស្នើសុំឱ្យចាត់វិធានការជាបន្ទាន់ពីសំណាក់អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមានធនាគារអភិវឌ្ឍន៍របស់រដ្ឋ នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស៊ើបអង្កេតទៅលើទំហំនៃការរំលោភសិទ្ធិមនុស្ស និងផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងគ្រោះដោយការផ្ដល់កម្ចី និងការប្រមូលឥណទានបែបកេងចំណេញ ។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងនៅក្នុងខេត្តចំនួន ៨ ដោយកម្រងព័ត៌មានសហគមន៍នីមួយៗ មានបង្ហាញព័ត៌មានអំពីការបង្កើតសហគមន៍ ដើម្បីឆ្លើយតបទៅនឹងវិវាទដីធ្លី និងការគំរាមកំហែងចំពោះសុវត្ថិភាពកម្មសិទ្ធិដីធ្លី និងបញ្ហាសិទ្ធិមនុស្សផ្សេងទៀត ដែលបង្កឡើងដោយភាពជំពាក់បំណុលច្រើនលើសលុប ។
គេហទំព័របង្ហាញពីផ្នែកសំខាន់ៗនៃកម្រងព័ត៌មានសហគមន៍ចំនួន១៤ ខណៈដែលរបាយការណ៍ជាទម្រង់ PDF បង្ហាញព័ត៌មានលម្អិតជាង ក៏ដូចជាព័ត៌មានបន្ថែមអំពីការសិក្សាស្រាវជ្រាវនេះ ។