សេចក្តីថ្លែងការណ៍

លិខិត​ទៅកាន់​រោងចក្រ​នៃ​ម៉ាក​អន្តរជាតិ​នានា​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នេះ យើងខ្ញុំ ដែលជា​អង្គការសង្គម​ស៊ីវិល មានរាយនាម​ដូចខាង​ក្រោម សូម​អំពាវនាវ​ទៅ​ដល់​រោងចក្រ​នៃ​ម៉ាក​អន្តរជាតិ​នានាដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​មេត្តា​ធ្វើការ​មិន​យល់ស្រប​ជា​ឱឡារិក​នូវ​សេចក្តី​សម្រេច​របស់តុលាការ​ដែល​មិន​សម​ហេតុផល​ចំនួនពីរ ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​នេះ។ ទីមួយ គឺការ​ឃុំខ្លួន​ថ្មីៗ​នេះ​ទៅលើ​លោក ប៊ន សំណាង និង សុក សំអឿន។ បុគ្គល​ទាំងពីរ​រូបនេះ គឺជាឃាតករ​សប្ប​និម្មិត និង​ត្រូវបាន​ផ្តន្ទាទោស​មិន​ត្រឹមត្រូវ​កាល​ពី​ឆ្នាំ ២០០៤ ទៅលើ​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា។ ទីពីរ គឺ​ការ​ខកខាន​របស់​អាជ្ញាធរ​រដ្ឋ ក្នុងការ​កាត់ទោស​ឲ្យ​បាន​សមរម្យ​ទៅ​លើ​លោក ឈូក បណ្ឌិត ដែល​ជា​អតីត​អភិបាល​ក្រុង​ដែលមាន​ខ្សែ ហើយ​ដែល​ជាអ្នក​បាញ់​កម្មការិនី​រោងចក្រ​សំលៀក​បំពាក់​ចំនួន ៣នាក់ ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ។

លោក ប៊ន សំណាង និង សុក សំអឿន ត្រូវ​បាន​ឃុំ​ខ្លួន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើលោក ជា វិជ្ជា នៅ​ឆ្នាំ​២០០៤ ត្រូវបាន​ផ្តន្ទាទោស​នៅ​ឆ្នាំ​២០០៥ បន្ទាប់ពី​ជាប់​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​បើក​សវនាការ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ ហើយ​ត្រូវ​បាន​ដោះលែង​ដោយ​តុលាការកំពូល​កាល​ពី​ខែធ្នូ ឆ្នាំ២០០៨។ តុលាការ​កំពូល​បាន​បង្គាប់​ឲ្យធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅលើ​ការសម្លាប់​នេះ នៅខណៈ​ដែល​មាន​ភស្តុតាង​ជាច្រើន​អំពី​ភាព​គ្មាន​ទោស​របស់​អ្នក​ទាំង​ពីរ។ ប៉ុន្តែ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ចៅក្រម​សាលាឧទ្ធរណ៍ លោក​ចៅក្រម ជួន ស៊ុន​ឡេង លោក សេង ស៊ី​វុត្ថា និង លោក ឃុន លាង​ម៉េង បាន​ធ្វើឲ្យ​អ្នក​តាមដាន​សវនាការ​ទាំងឡាយ​មានការ​តក់​ស្លុត​យ៉ាង​ខ្លាំង ដោយ​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​រក្សា​នូវ​សេចក្តី​សម្រេច ដែល​អយុត្តិធម៌​យ៉ាង​ខ្លាំង​របស់​ខ្លួន​ពីមុន។

ជិត ៤ ឆ្នាំ បន្ទាប់ពី​ទទួល​ការ​បង្គាប់​ពី​តុលាការ​កំពូល សវនាការ​សាលាឧទ្ធរណ៍​យ៉ាងខ្លី ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ត្រូវបាន​ធ្វើឡើង​ដោយ​មិនមាន​ភស្តុតាង​ថ្មី​ស្តីពី​ពិរុទ្ធភាព​របស់​លោក ប៊ន សំណាង និង​សុក សំអឿន​នោះ​ទេ ហើយក៏​មិនបាន​បង្ហាញថា​ការ​ស៊ើបអង្កេត​ថ្មី​ទៅលើ​ករណីនេះ បាន​ចប់​សព្វ​គ្រប់​តាម​ការ​បង្គាប់ពី​តុលាការ​កំពូល​ហើយ​ឬនៅ​នោះ​ឡើយ។ ផ្ទុយទៅវិញ ចៅក្រម​សាលាឧទ្ធរណ៍​ទាំងអស់ បាន​លើកចោល និង​បដិសេធ​នូវការ​បង្ហាញ​ភស្តុតាង និង​សាក្ខីកម្ម​ជាច្រើន ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ទាំងពីរ​នាក់ ហើយ​ដែល​ត្រូវបានរៀបរាប់​ជាច្រើន​ដង​នៅក្នុង​របាយការណ៍​ដែល​ត្រូវ​បាន​បោះពុម្ព​យ៉ាងច្រើន​នៅក្នុង​ប្រទេស​កម្ពុជា និង​ឆាក​អន្តរជាតិ។ ភាព​គ្មាន​ទោស​របស់​អ្នកទាំងពីរ ក៏ជា​ប្រធានបទ​នៃ​ឯកសារ​ដែល​ទទួល​បានពាន​រង្វាន់ ដែល​មាន​ចំណង​ជើងថា “អ្នកណា សម្លាប់​លោក ជា វិជ្ជា” ដែល​ជា​ឯកសារ​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​មិនមែន​ជា​លើក​ទីមួយ​នោះទេ ដែល​ខ្សែ​នយោបាយ​ជាច្រើន​ត្រូវ​បាន​គេ​ទាញ​ដោយ​ឥតលាក់​លៀម​នៅក្នុង​ករណី​នេះ។ នៅឆ្នាំ​២០០៤ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ចៅក្រម ហ៊ឹង ធីឬទិ្ធ ជាដំបូង​បាន​លើក​ចោល​ការ​ចោទប្រកាន់​មកលើ​អ្នកទាំងពីរ ដោយ​ផ្អែក​លើ​ការ​មិនមានភស្តុតាង​គ្រប់គ្រាន់ និង​គួរឲ្យ​ជឿ​ពីការ​ស៊ើបអង្កេត​របស់​នគរបាល។ ក៏ប៉ុន្តែ រយៈពេល​តិចជាង​ពីរ​សប្តាហ៍​ក្រោយ​មក លោក​ចៅក្រម ហ៊ឹង ធីឬទិ្ធ ត្រូវ​បាន​ផ្លាស់​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយការ​សម្រេច​ត្រូវ​ត្រឡប់​ទៅ​លោក​ចៅក្រម​សាលាឧទ្ធរណ៍ ធូ មណី ទៅ​វិញ។

សេចក្តី​សម្រេច​ថ្មីៗ​នេះ​របស់​សាលាឧទ្ធរណ៍ ក្នុងការ​ដាក់​លោក ប៊ន សំណាង និង​សុក សំអឿន ឲ្យ​នៅ​ក្នុង​ពន្ធនាគារ​ឡើងវិញ ដែល​មិន​មាន​ភស្តុតាង​ថ្មី​ណាមួយ​ដូចដែល​បាន​បង្គាប់​ដោយសេចក្តី​សម្រេច​របស់​តុលាការ​កំពូល គួរតែ​ត្រូវបាន​រិះគន់​យ៉ាង​ខ្លាំង​ក្លា។ សេចក្តីសម្រេចនេះបង្ហាញនូវ​វប្បធម៌​និទណ្ឌភាព​យ៉ាង​ខ្លាំង​ក្លា​ដែល​បន្ត​កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អាចជា​សញ្ញាប្រកាស​អាសន្ន​មួយ​ទៅដល់​អ្នក​ទាំង​ឡាយ​ដែល​កំពុង​ធ្វើ​ជំនួញ​នៅ​ទីនេះ។

នៅករណី​មួយទៀត ដែល​បង្ហាញ​អំពី​ការ​មិនបាន​ពិនិត្យ​ទៅលើ​និទណ្ឌភាព​សម្រាប់​បទល្មើស​ព្រហ្មទណ្ឌ ដែល​ទាក់ទង​នឹង​វិស័យ​រោងចក្រ អតីត​អភិបាល​ក្រុង​បាវិត​ដែល​មាន​ខ្សែ លោក ឈូក បណ្ឌិត ត្រឹមតែ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​លើ​បទល្មើស​ព្រហ្មទណ្ឌ​យ៉ាង​ស្រាល បន្ទាប់ពីលោក​បាន​សារភាព​ថា​បាន​បាញ់​កាំភ្លើង​របស់​គាត់ ក្នុងអំឡុង​ពេល​បាតុកម្ម​របស់​កម្មករ​រោងចក្រនៅ​ខេត្ត​ស្វាយរៀង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១២។ ការបាញ់​ប្រហារ​នេះ បណ្តាល​ឲ្យ​ស្ត្រី​ចំនួន ៣នាក់ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

ផ្ទុយ​ស្រឡះ​ទៅវិញ​ពី​ករណី​លោក ប៊ន សំណាង និង​សុក សំអឿន លោក ឈូក បណ្ឌិត មិន​ទាន់ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​សូម្បី​តែ​មួយ​ថ្ងៃ​ក៏​ដោយ ហើយ​ប្រហែល​ជា​មិនអាច​ជាប់ផង។ តុលាការ​ខេត្ត​ស្វាយរៀង ដំបូង​ឡើយ​បាន​លើកលែង​ការ​ចោទប្រកាន់ ទោះ​ជា​ការ​ចោទ​ប្រកាន់​លើបទល្មើស​តូចតាច​ទៅ​លើ​ការ​បង្ករបួស​ស្នាម​ដោយ​អចេតនា​យ៉ាងណា​ក៏ដោយ ដែល​នេះ​ជា​ការចោទ​ប្រកាន់​ទីមួយ ទៅលើ​លោក​អតីត​អភិបាល​ក្រុង​រូបនេះ បន្ទាប់​ពី​ការ​ពាក់ព័ន្ធ​របស់​គាត់​នៅ​ក្នុងការ​បាញ់​ប្រហារ​នេះ​ត្រូវបាន​គេ​លាត​ត្រដាង។ បន្ទាប់ពី​ជន​រង​គ្រោះ​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​ការសម្រេច​ចិត្ត​ដែល​មិន​សម​ហេតុផល សាលាឧទ្ធរណ៍ បាន​បង្គាប់​ឲ្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ធ្វើការ​ចោទ​ប្រកាន់​លោក បណ្ឌិត លើ​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ដែល​ផ្តន្ទាទោស​ពន្ធនាគារយ៉ាង​ច្រើន​ពីរ​ឆ្នាំ។ សវនាការ​ករណី​លោក បណ្ឌិត នឹង​ត្រូវ​បាន​គេ​កំនត់​ថា​នឹង​បើក​នៅ​ថ្ងៃ​ទី២១ ខែឧសភា នៅ​ម៉ោង ៨ ព្រឹក នៅ​ខេត្ត​ស្វាយរៀង។

នា​ថ្ងៃ​នេះ យើង​ខ្ញុំ​ជាថ្មី​ម្តង​ទៀត សូម​បង្ហាញ​ការ​គាំទ្រ​ដល់​លោក ប៊ន សំណាង និង​សុក សំអឿន ហើយ​និង​ក្រុមគ្រួសារ​របស់​អ្នក​ទាំង​ពីរ ហើយ​យើងខ្ញុំ​ក៏​សង្ឃឹមថា​អ្នក​ទាំងពីរ​នឹង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ដើម្បី​ទទួល​បាន​ជីវភាព​ធម្មតា​របស់​អ្នក​ទាំង​ពីរ​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗនេះ។

យើងខ្ញុំ​ក៏​សូម​ធ្វើការ​គាំទ្រ​ដល់​ជនរង​គ្រោះ នៃ​ការ​បាញ់​ប្រហារ​នៅ​តំបន់​រោងចក្រ​នា​ខេត្តស្វាយរៀង ហើយ​បន្ត​ធ្វើការ​អំពាវនាវ សូម​ឲ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​ករណី​នេះ។

យើងខ្ញុំ​ក៏​សូម​ចូលរួម​ចំណែក​ក្នុងការ​លើក​ទឹក​ចិត្ត និង ឧទ្ទិស​ដល់​លោក ជា វិជ្ជា ដែល​បានលះ​បង់​អាយុជីវិត​របស់​លោក ក្នុងការ​តស៊ូ​ដើម្បី​សេចក្តី​ត្រូវការ​របស់​កម្មករ​និយោជិត​ទាំងឡាយ​ក្នុងប្រទេស​កម្ពុជា ហើយ​យើង​ខ្ញុំ​សូម​បន្ត​ស្វែងរក និង​សង្ឃឹមថា​យុត្តិធម៌​នឹង​មាន​សម្រាប់​លោក និងក្រុម​គ្រួសារ​របស់​លោក។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហភាពសហជីពកម្ពុជា (CATU)
២. មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
៣. សហភាពសហជីពកម្ពុជា (CCU)
៤. សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៥. សមាគមមន្ត្រីរាជការកម្ពុជា (CICA)
៦. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៧. សហភាពការងារកម្ពុជា (CLC)
៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
៩. មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
១០. បណ្តាញយុវជនកម្ពុជា (CYN)
១១. សម្ព័ន្ធសហជីពចលនាកម្មករខ្មែរ (CUMW)
១២. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
១៣. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៤. សមធម៌កម្ពុជា (EC)
១៥. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
១៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៧. គណកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
១៨. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
១៩. សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
២០. សមាគមធាងត្នោត (STT)
២១. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
២២. សហព័ន្ធសហជីពនៃកម្មករអាស៊ាន (UFAW)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
 លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា