សេចក្តីថ្លែងការណ៍

ម្នាក់ស្លាប់ ​ប្រាំ​ពីរ​នាក់​រង​របួស នៅ​ពេល​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​អំឡុង​ពេល​បាតុកម្ម​របស់​កម្មករ​រោង​ចក្រ អេស​អិល

ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

សកម្មភាព​វាយ​ដំ​យ៉ាង​ខ្លាំង​ទៅ​លើ​យុវជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មួយ​ចំនួន ត្រូវថតបាន។

នៅព្រឹកមិញនេះ ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា​រវាង​កម្មករ​រោងចក្រ និង​កង​​កម្លាំង​ប្រដាប់​​អាវុធ ដែល​ក្រោយ​មក​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ពីរ​បន្ថែម​ទៀត​​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​បញ្ជូន​មក​​បន្ថែម និង​ក្រុម​ប្រជា​ពលរដ្ឋ ធ្វើឲ្យ​អ្នក​​ឈរ​មើល​​ម្នាក់​ស្លាប់ និង​​យ៉ាង​តិច ៧ នាក់​រង​របួស នៅ​ខ័ណ្ឌ​មាន​ជ័យ ក្នុង​រាជ​ធានី​ភ្នំពេញ។

(បច្ចុប្បន្នភាព៖ នៅល្ងាចម្សិលមិញ អង្គការលីកាដូ បានធ្វើ​បច្ចុប្បន្ន​ភាព​ចំនួន​អ្នក​របួស និង​ស្លាប់ គឺ​អ្នក​របួស​មាន​ចំនួន ៩ នាក់ ដោយគ្រាប់កាំភ្លើង ហើយ​ប្រជា​ពលរដ្ឋ​ចំនួន ៣០នាក់ ត្រូវបានចាប់ខ្លួន និងព្រះសង្ឃចំនួន ៧ អង្គត្រូវ​បាន​ឃាត់​ព្រះ​កាយ។)

នាព្រឹកនោះ កម្មកររោងចក្រ អេសអិល ប្រហែល ៦០០ នាក់ បានព្យាយាម​ហែ​ក្បួន​ពី​រោង​ចក្ររបស់អ្នកទាំងនោះ ទៅកាន់គេហដ្ឋានរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្វែងរកការអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល។ កម្មករ​ទាំង​នោះ បានធ្វើបាតុកម្មអស់រយៈពេល ៣ខែកន្លងមកហើយ ទៅលើការទាមទារ​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ ដើម្បី​ធ្វើ​ឲ្យ​ល័ក្ខខ័ណ្ឌការងាររបស់អ្នកទាំងនោះមានភាពប្រសើរឡើង ក៏ដូចជាទាមទារ​ឲ្យបញ្ឈប់តំណែង​នាយក​រដ្ឋបាល​​ដែល​ទើប​​តែង​តាំង​ថ្មី។ ការហែក្បួនមិនបានហែឆ្ងាយនោះទេ ដោយកម្មករត្រូវបានរាំងស្កាត់​ដោយនគរបាលបង្ក្រាប​បាតុកម្ម​ប្រហែលមួយរយនាក់ និងរបាំងការពារនៅក្បែរស្ពានស្ទឹងមានជ័យ។ ភាពតានតឹងបានកើនឡើង នៅពេល​ដែលក្រុម​បាតុករបានព្យាយាមរុញច្រានរបាំង និងប៉ះទង្គិចជាមួយនគរបាល។ នគរបាលបានបាញ់ទឹកទៅលើក្រុម​បាតុករ ដែល​ជា​ការ​បញ្ឆេះឲ្យមានអំពើហិង្សាកើតឡើង បណ្តាលឲ្យរថយន្តមួយ និងម៉ូតូពីរគ្រឿងរបស់នគរបាល ត្រូវ​បាន​ដុត​បំផ្លាញ។

កម្មករ និងអ្នកឈរមើល ដែលមានការភ័យខ្លាច បានរត់ចូលក្នុងវត្តស្ទឹងមានជ័យ។ មន្ត្រីនគរបាលចំនួន ប្រាំនាក់ បាន​រត់​តាមអ្នកទាំងនោះចូលក្នុងវត្ត និងបានវាយទៅលើមនុស្សមួយចំនួននៅទីនោះ។ ដោយការ​ខឹង​សម្បារ​អំពី​អំពើ​ហិង្សា​នៅ​ក្នុងវត្ត ក្រុមអ្នកតវ៉ា បានចាប់ផ្តើមគប់ដុំថ្មទៅលើក្រុមមន្ត្រីនគរបាល ដែលបន្ទាប់មកបានរត់ចូលក្នុង​បន្ទប់​រួច​ចាក់​សោរ​នៅ​ខាងក្នុង។

នៅពេលចុងបញ្ចប់នៃអំពើហិង្សាលើកទីមួយ ក្រុមកម្មករមួយក្រុមបានរំសាយ ហើយក្រុមអ្នកតវ៉ាបាន​ចាប់​ផ្តើម​រីក​ធំ​ឡើង​លើស​ពី​ចំនួន​នៃ​បាតុករ ដោយមានការចូលរួមពីប្រជាពលរដ្ឋរស់ក្បែរខាង និងអ្នកឈរមើល។

ដោយក្រុមប្រជាពលរដ្ឋដែលខឹងសម្បារ ព្យាយាមទម្លុះទ្វារ មន្ត្រីនគរបាលរាប់រយនាក់ បានដាក់ពង្រាយនៅ​លើ​ស្ពាន​ជិតនោះ នៅ​ពេល​ដែល​មន្ត្រី​របស់​​អង្គការសហប្រជាជាតិ និងមន្ត្រីសិទិ្ធមនុស្សកំពុងព្យាយាមសម្រាលភាពតានតឹង។ នៅ​ពេល​ដែលកងកម្លាំងប្រដាប់អាវុធចាប់ផ្តើមដើរមកក្រុមបាតុករ ក្រុមការងារសិទិ្ធមនុស្ស បាន​ព្យាយាម​ថែរក្សា​សុវត្ថិភាព​​មន្ត្រី​នគរបាលដែលចាក់សោរខ្លួនឯងក្នុងបន្ទប់។ ប៉ុន្តែអាជ្ញាធរ ពុំបានប្រើប្រាស់ឱកាស​នេះ​ក្នុង​ការ​បន្ថយ​ភាព​តាន​តឹង ដើម្បីឈានទៅរកដោះស្រាយសន្តិវិធីនោះទេ។

ជាច្រើននាទីបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធធ្វើដំណើរពីស្ពាន បទបញ្ជាបានដាក់ដើម្បីបង្ក្រាបបាតុករនៅក្នុងវត្ត។ នៅ​ពេល​បាញ់​គ្រាប់បែកផ្សែង និងគ្រាប់ជ័រ ក្រុមមន្ត្រីនគរបាលបានប្រញាប់រត់ទៅរកក្រុមបាតុករ។ ប្រជាពលរដ្ឋ​បាន​គប់​ដុំថ្ម​ទៅ​លើមន្ត្រីដែលមានខែលការពារ និងមន្ត្រីទាំងនោះបានរើសដុំថ្មទាំងនោះគប់ទៅលើក្រុមបាតុករវិញ។ ជា​ច្រើន​នាទី​បន្ទាប់​មក​ទៀត មន្ត្រីនគរបាលក៏បានផ្លាស់ប្តូរដោយប្រើគ្រាប់កាំភ្លើងពិតម្តង ដោយចាប់ផ្តើមបាញ់កាំភ្លើង AK-47 និងកាំភ្លើងដៃ។

នៅខណៈនោះ មន្ត្រីនគរបាលទាំងប្រាំ នាក់ ដែលបានជាប់ក្នុងវត្ត បានរត់ចេញ និងបានបាញ់​ទៅ​លើ​ក្មេង​​ជំទង់​ម្នាក់​ដែល​គ្មាន​អាវុធក្នុងដៃនៅក្នុងវត្តនោះផងដែរ។

អំពើហិង្សាជាថ្មីនោះ បានកើតឡើងអស់រយៈពេលប្រហែលជិត ១៥ នាទី។ បន្ទាប់ពីមានការប៉ះទង្គិចគ្នា​យ៉ាង​ខ្លាំង​ក្លា ប្រជា​ពលរដ្ឋ​មួយចំនួន បានរងរបួសដោយគ្រាប់កាំភ្លើង។ អ្នកឈរមើលម្នាក់ឈ្មោះ អេង សុខុម អាយុ ៤៩ ឆ្នាំ ជា​អាជីវករ​លក់ដូរនៅផ្សារស្ទឹងមានជ័យ បានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងនៅចំទ្រូង អំឡុង​ពេល​បាតុកម្ម។ បុរសម្នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងនៅចំទ្រូង។ បុរសប្រាំ​មួយនាក់​ផ្សេង​ទៀត បានរងរបួសដោយគ្រាប់កាំភ្លើង និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត។ ប្រជាពលរដ្ឋ​ចំនួន ពីរ​នាក់​ផ្សេងទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ មន្ត្រីនគរបាលចំនួន ពីរនាក់ផ្សេងទៀត ត្រូវ​បាន​រាយ​ការណ៍​ថា កំពុងព្យាបាលពីការពុលផ្សែងបង្ហូរទឹកភ្នែក និងក្បាលត្រូវបានរងរបួសដោយដុំថ្ម។

អំពើហិង្សាលើកទីបី បានកើតឡើងភ្លាមៗ មុនពេលថ្ងៃត្រង់បន្តិច នៅពេលដែលមន្ត្រីកងរាជអាវុធហត្ថរាប់រយនាក់ ត្រូវ​បាន​ដាក់​មកបន្ថែមនៅទីតាំងកើតហេតុ។ នៅខណៈដែលក្រុមអ្នកតវ៉ាបានដកឃ្លានៅឆ្ងាយ មន្ត្រីកងរាជអាវុធហត្ថ បាន​ធ្វើ​ការ​បង្ក្រាបដោយហិង្សាទៅលើអ្នកទាំងនោះ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់កាំភ្លើងពិតបន្ថែមទៀត ដើម្បី​បំបែក​អ្នកទាំងនោះ។ ក្រុមមន្ត្រីទាំងនោះបានរត់ដេញតាម និងចាប់អ្នកបាតុករក្មេងៗទាំងនោះទៅចិញ្ចើមផ្លូវ រួចវាយ​ដំ​លើ​អ្នកទាំងនោះយ៉ាងធ្ងន់ធ្ងរ ហើយបន្ទាប់មកបានចាប់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃប្រហែល ៣០ នាក់/អង្គ។

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សូមធ្វើ​ការ​បដិសេធ​លើការប្រើប្រាស់អំពើហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ការតបតរបស់អាជ្ញាធរ​ដែលមិន​ស្មើគ្នា​ជា​មួយ​ក្រុមបាតុករនាថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវព្រឹត្តិការណ៍ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលកងកម្លាំង​សន្តិ​សុខ បានតបតដោយប្រើហិង្សាបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិត ដោយមិនរើសមុខ ទៅ​លើ​ក្រុម​អ្នក​តវ៉ា អំឡុងពេលកកស្ទះចរាចរណ៍ ដែលបង្កឡើងដោយរបាំងបិទផ្លូវការពារក្រុមបាតុករ នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ដែលបណ្តាលឲ្យអ្នកធ្វើដំណើរជាទៀងទាត់ម្នាក់បាត់បង់ជីវិត។ សកម្មភាពរបស់មន្ត្រីនគរបាលថ្ងៃនេះ គឺមិនខុស​គ្នា​ពី​ថ្ងៃ​មុន​ទេ ដែលនគរបាលបង្ក្រាបដោយបង្ខំទៅលើមនុស្សគ្រប់រូបដែលនៅក្នុងបរិវេណនោះ ដោយ​មិន​ត្រឹម​តែ​កម្មករ​​រោងចក្រដែលធ្វើបាតុកម្មនោះទេ។ ក្រុមការងារសិទិ្ធមនុស្ស បានឃើញអំពីភាព​ខឹងសម្បាររបស់​​កង​រាជ​អាវុធ​ហត្ថ ប្រជាពលរដ្ឋសាមញ្ញ ដែលត្រូវបានវាយដំឲ្យយ៉ាងធ្ងន់ធ្ងរ ហើយនិងបណ្តាលឲ្យឈាមយ៉ាងច្រើនមកលើដី និង​ជញ្ជាំង​របង​វត្ត។ អាជីវករស្លូតត្រង់ម្នាក់ ត្រូវបានបាញ់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេង​ទៀតរងរបួស​​ធ្ងន់​ធ្ងរ​ដោយ​គ្រាប់កាំភ្លើង ដែលនេះជាសោកនាដកម្មមួយដែលបានកើតឡើងពីការប្រើប្រាស់កម្លាំងដោយមិនចាំបាច់ និង​មិន​ស្មើ​គ្នា​ទៅ​នឹង​ក្រុម​អ្នកតវ៉ា និងបង្ហាញពីខ្វះខាតខាងឆន្ទៈរបស់អាជ្ញាធរក្នុង​ការស្វែងរកដំណោះ​ស្រាយដោយ​សន្តិវិធីទៅ​លើ​ស្ថាន​ការណ៍នា​ថ្ងៃនេះ។

ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “អំពើ​ហិង្សា និងការស្លាប់របស់អាជីវករស្លូតត្រង់នាថ្ងៃនេះ គឺជាឧទារហណ៍មួយនៃការបង្ក្រាបយ៉ាងហិង្សា​របស់​នគរ​បាល។ ការអនុវត្តសិទិ្ធរបស់មនុស្សម្នាក់ក្នុងការប្រមូលផ្តុំដោយអហិង្សា និងការបញ្ចេញសំលេងរបស់អ្នកណាម្នាក់ ដើម្បី​ទទួល​បាន​ជីវភាព​ល្អ​ប្រសើរ មិនគួរឲ្យក្លាយជាព្រឹត្តិការណ៍រហូតដល់ស្លាប់នោះទេ។ នាយិការអង្គការ លីកាដូ បាន​បន្ត​ទៀត​ថា៖ “ដោយមិនការពារ និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ អាជ្ញាធរបែរជាប្រើប្រាស់អំពើហិង្សាដែលមិន​ចាំ​បាច់​ទៅ​វិញ ដោយបណ្តាលឲ្យមានការស្លាប់ និងរបួសកើតឡើង។ យើងខ្ញុំមានការសោកស្តាយយ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ដែល​គួរ​ឲ្យ​បន្ទោស​របស់ប៉ូលីស និងសំណូមពរដល់រាជរដ្ឋាភិបាល ក្នុងការពិនិត្យថាតើអ្នកទាំងនោះ​បាន​​អនុវត្ត​តួនាទី​ការពារ​ប្រជាពលរដ្ឋកម្ពុជា និងសិទិ្ធរបស់អ្នកទាំងនោះដែរឬទេ។”

អង្គការ លីកាដូ សូមអំពាវនាវដល់អាជ្ញាធរ សូមលោកមេត្តាធ្វើការស៊ើបអង្កេតឯករាជ្យទៅលើការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ និងគ្រាប់កាំភ្លើងពិតនេះ។ អ្នកដែលរកឃើញថាជាអ្នកទទួលខុសត្រូវលើការរំលោភសិទិ្ធមនុស្ស ត្រូវ​តែ​ទទូល​ខុស​ត្រូវចំពោះ​មុខ​ច្បាប់ ហើយការជួសជុសការខូចខាត ត្រូវតែផ្តល់ទៅជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ។ បន្ថែមពីលើនេះទៀត ការចាប់ខ្លួនប្រជាពលរដ្ឋចំនួន ២៩ នាក់ និងព្រះសង្ឃ ១២ អង្គ គួរតែត្រូវបាន​ពិនិត្យ​ឡើង​វិញ ហើយសិទិ្ធរបស់អ្នកទាំងនោះគួរតែត្រូវគោរព ហើយនិងការឃុំខ្លួនរបស់អ្នកទាំងនោះ គួរតែផ្អែក​លើ​ភស្តុតាង​ជាក់ស្តែង។

លោក មឿន តុលា ប្រធានផ្នែកកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមាន​ប្រសាសន៍​ថា៖ “បាតុកម្មរបស់កម្មកររោងចក្រ អេសអិល បានចូលដល់រយៈពេល បីខែហើយ ហើយរឿងនេះ គួរតែត្រូវ​បាន​ដោះ​ស្រាយ នៅពេលនេះ ដោយការគម្រាមកំហែង និងការបង្ក្រាបទៅលើកម្មករ មិនបានដោះស្រាយ​បញ្ហា​របស់​កម្មករ​នោះ​ទេ។ រាជរដ្ឋាភិបាល ត្រូវតែប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងដោះស្រាយបញ្ហា នេះ និងធានាថា​នឹង​មានការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ផ្លូវតុលាការទៅលើអាជ្ញាធរណាដែលទទួលខុសត្រូវលើការស្លាប់ និងរងរបួសនេះ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
 លោក មឿន តុលា ប្រធានផ្នែកកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍, ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា