ការផ្ដល់កម្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាំឱ្យមានហានិភ័យកាន់តែអាក្រក់ឡើងនៃវិបត្តិសិទ្ធិមនុស្ស
ចេញផ្សាយ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិលយើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការអនុម័តទឹកប្រាក់ ១៧៥ លានដុល្លារសហរដ្ឋអាមេរិករបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ទោះបីជាមានការរាយការណ៍ជាសាធារណៈយ៉ាងទូលំទូលាយជាច្រើនឆ្នាំ អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យនេះ ។
ធនាគារ AIIB ដែលជាធនាគារវិនិយោគពហុភាគី ជាមួយសមាជិកចំនួន ១០៥ រួមមានអាឡឺម៉ង់ផងដែរ ដែលកាន់កាប់ភាគហ៊ុនសំខាន់ៗមួយចំនួន បានសម្រេចចិត្តចាប់ផ្ដើមផ្ដល់ជំនួយហិរញ្ញវត្ថុទៅស្ថាប័នផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជាចំនួនពីរនៅក្នុងខែតែមួយ ខណៈដែលការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទនៃសាជីវកម្មអន្តរជាតិ បានទទួលបណ្ដឹងមួយ ដែលកំពុងចោទប្រកាន់លើការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៅក្នុងស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុទាំងពីរ និងស្ថាប័នផ្សេងទៀត ពាក់ព័ន្ធនឹងការអនុវត្តការប្រមូលកម្ចីបែបកេងប្រវ័ញ្ច និងរំលោភបំពាន ។
យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈ កម្ចីទាំងនេះ គឺជាការវិនិយោគដំបូងរបស់ធនាគារ AIIB នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ កាលពីខែមេសា ឆ្នាំ២០២២ ធនាគារ AIIB បានអនុម័តឥណទានទំហំ ៧៥លានដុល្លារ ឱ្យទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីបង្កើនការផ្ដល់កម្ចីដល់សហគ្រាសមីក្រូហិរញ្ញវត្ថុ ធុនតូច និងមធ្យម (MSMEs) ។ នៅខែតែមួយ ចន្លោះពេលតែ១៥ថ្ងៃ ធនាគារ AIIB ក៏បានប្រញាប់ប្រញាល់បង្ហាញ និង អនុម័តឥណទានទំហំ ១០០លានដុល្លារ ទៅធនាគារអេស៊ីលីដា ដើម្បីពង្រីកវិសាលភាពនៃការផ្ដល់កម្ចីដល់សហគ្រាសមីក្រូហិរញ្ញវត្ថុ ធុនតូច និងមធ្យម ។
ជារឿងគួរឱ្យសោកស្ដាយដែល ធនាគារ AIIB បានសម្រេចចិត្តចាប់ផ្ដើមវិនិយោគនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងពេលដែលរឿងនេះវាបញ្ហាក្ដៅគគុក ក្រោយពីមានរបាយការណ៍គួរឱ្យជឿទុកចិត្តមួយចំនួនរបស់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងការសិក្សាដែលផ្ដល់ជំនួយដោយវិនិយោគិន បានរកឃើញបញ្ហាជាច្រើននៃការរឹបអូសដីធ្លី ការបាត់បង់ជីវភាពរស់នៅសមរម្យ ផលប៉ះពាល់លើបញ្ហាសុខភាព ការបាត់បង់ដីធ្លីរបស់ជនជាតិដើមភាគតិច អសុវត្ថិភាពស្បៀងអាហារ និងពលកម្មកុមារ ជាដើម ។
ជាទូទៅ ស្ថាប័នផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា ទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីដាក់ជាទ្រព្យធានា ដែលជាការអនុវត្តមួយត្រូវបានរិះគន់ថាជា “គម្រោងមួយដែលគ្មានក្រមសីលធម៌ និងបង្កើតឱ្យមានការបាត់បង់ជម្រកជាច្រើន” ។ ស្ថាប័នផ្ដល់កម្ចីឥណទានទាំងពីរ ដែលត្រូវបានជ្រើសរើសដោយ ធនាគារ AIIB បានរាយការណ៍ថា ជាង៩០%នៃផលប័ត្រឥណទានរបស់ពួកគេគឺមានការដាក់ទ្រព្យធានា ។
ការសិក្សាថ្មីមួយ ដែលគាំទ្រដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានបង្ហាញពីភាពស៊ីចង្វាក់គ្នាជាមួយនឹងការរាយការណ៍ជាច្រើនឆ្នាំរបស់ក្រុមសង្គមស៊ីវិលនៅកម្ពុជា ដោយរកឃើញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណីកើតចេញពីបញ្ហាបំណុល ពោលក្នុងកម្រិតមួយ “ខ្ពស់ខ្លាំង” និង “មិនអាចទទួលយកបាន” ក្នុងអត្រាមួយគួរឱ្យព្រួយបារម្ភ គឺមានការលក់ដីម្ដងនៅរៀងរាល់រយៈពេល ១៦នាទី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។
ផលប៉ះពាល់ទាំងនេះ មិនត្រូវបានរាយការណ៍ តាមប្រព័ន្ធគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថានដែលមានស្រាប់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ ដែលនេះបង្ហាញពីភាពខ្វះចន្លោះដ៏សំខាន់សម្រាប់ធនាគារ AIIB ជាពិសេសដោយសារភាពខ្វះចន្លោះនេះបង្កើតជាមូលដ្ឋាននៃបណ្ដឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងភាពស្រដៀងគ្នារវាង គោលការណ៍ធនាគារ AIIB និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ។
ការអនុម័តគម្រោងទាំងនេះ បង្ហាញពីការបរាជ័យយ៉ាងច្បាស់សម្រាប់ធនាគារ AIIB ក្នុងការចាត់វិធានការចាំបាច់ឱ្យបានគ្រប់ជ្រុងជ្រោយ ។ កង្វល់ទាំងនេះ ត្រូវបានអង្គការសង្គមស៊ីវិលផ្សេងៗលើកឡើង ទៅកាន់ AIIB អំឡុងពេលមានកិច្ចប្រជុំប្រចាំឆ្នាំ ប៉ុន្តែពុំមានការឆ្លើយតបជាក់លាក់ជាសាធារណៈពីគណៈគ្រប់គ្រង ពាក់ព័ន្ធនឹងវិធីសាស្ត្រដ៏សកម្មដែលធនាគារ ប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ នេះតម្រូវឱ្យមានកំណែទម្រង់ជាចាំបាច់សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មុនពេលមានការវិនិយោគថ្មី ដើម្បីធានាពីសិទ្ធិមនុស្សរបស់អ្នកខ្ចីប្រាក់ ដូចជា៖
▪ ប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវបានដាក់ធានាក្នុងកម្ចីមីក្រូហិរញ្ញវត្ថុ គួរតែត្រូវប្រគល់ត្រឡប់ឱ្យទៅអ្នកខ្ចីប្រាក់វិញ
▪ ជនរងគ្រោះពីការអនុវត្តការប្រមូលកម្ចី និងការផ្ដល់កម្ចីបែបកេងប្រវ័ញ្ច គួរតែទទួលបានសំណងជំងឺចិត្ត
▪ វិនិយោគិនថ្មីដែលអាចមានដូចជា ធនាគារ AIIB ត្រូវតែវាយតម្លៃពីគោលការណ៍សង្គមនិងបរិស្ថាន និងនីតិវិធីចាំបាច់ដោយហ្មត់ចត់របស់ខ្លួនដែលមានស្រាប់ ក៏ដូចជាប្រឹក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាគណនេយ្យភាព និងការដោះស្រាយភាពខ្វះចន្លោះ ក្នុងការវែកញែក កាត់បន្ថយ និងការពារផលប៉ះពាល់អវិជ្ជមានក្នុងសង្គម នៅក្នុងទីផ្សារសំខាន់មួយ ដូចវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។
ប្រសិនបើគ្មានកំណែទម្រង់ទាំងនេះទេ នោះការវិនិយោគនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងមានហានិភ័យដល់ការខូចខាតទ្រព្យបញ្ចាំ ដែលមិនអាចអត់ឱនបាន ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
២. អង្គការសមធម៌កម្ពុជា
៣. FIAN Germany
៤. Just Finance International
៥. NGO Forum on ADB
៦. Recourse
៧. Stiftung Asienhaus
៨. Urgewald e.V.
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាតាមរយៈ Signal: +៨៥៥ ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
▪ អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: +៨៥៥ ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
▪ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ តាមរយៈ Signal: +៨៥៥ ១០ ៣២៧ ៧៧០ (ភាសាខ្មែរ)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបញ្ហាបំណុល