សូមបិទមណ្ឌលព្រៃស្ពឺ៖ ការស្លាប់អ្នកជាប់ឃុំជាច្រើននាក់ត្រូវបានរាយការណ៍នៅមណ្ឌលឃុំខ្លួនមិនត្រឹមត្រូវ
ចេញផ្សាយ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលកំពុងត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ក្នុងខែសីហា ឆ្នាំ២០២២ ហើយមានភស្តុតាងបង្ហាញថា មនុស្សជាង ១០នាក់ បានស្លាប់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅក្នុងមណ្ឌល នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២នេះ ។
អង្គការលីកាដូ បានចងក្រងឯកសារស្ដីពីការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺ ចាប់តាំងពីមណ្ឌលនេះបានបើកដំណើរការក្នុងឆ្នាំ២០០៤ និងបានស្នើសុំជាសាធារណៈឱ្យបិទមណ្ឌលនេះវិញ តាំងពីឆ្នាំ២០០៨ មក ។ នៅថ្ងៃនេះ យើងខ្ញុំ សូមធ្វើការស្នើសុំជាថ្មីម្ដងទៀត សូមឱ្យបិទមណ្ឌលព្រៃស្ពឺ និងបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈមដោយមនុស្សជាប់ឃុំនៅទីនោះ ។
ការស្លាប់ថ្មីៗនេះទៅលើស្ត្រីម្នាក់ និងបុរសម្នាក់ ត្រូវបានបញ្ជាក់ដោយអង្គការលីកាដូ ដែលកើតឡើងក្រោយពីអ្នកជាប់ឃុំឈឺនៅក្នុងមណ្ឌល ហើយមិនត្រូវបានផ្ដល់ការព្យាបាលឱ្យបានគ្រប់គ្រាន់ ។ សាក្សីដែលបានឃើញការស្លាប់របស់អ្នកជាប់ឃុំទាំងពីរនាក់ បានរៀបរាប់ថា អ្នកជាប់ឃុំដែលមានជំងឺធ្ងន់ធ្ងរ ត្រូវបានទុកចោលនៅលើឥដ្ឋនៅក្នុងបន្ទប់ឃុំឃាំង ជាកន្លែងដែលពួកគេបានស្លាប់នៅពេលក្រោយមក នៅចំពោះមុខអ្នកជាប់ឃុំផ្សេងទៀត ។ សាកសពរបស់អ្នកទាំងពីរ ក្រោយមកត្រូវបានបុគ្គលិកនៅក្នុងមណ្ឌលយកចេញ ។
សាក្សីនៅក្នុងវត្តមួយ ដែលទទួលខុសត្រូវក្នុងការបូជាសាកសពមកពីមណ្ឌលព្រៃស្ពឺ បានបញ្ជាក់ពីការកើនឡើងនៃចំនួនសាកសព ដែលមណ្ឌលព្រៃស្ពឺបញ្ជូនមក ដើម្បីធ្វើការបូជា កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ។ ភស្តុតាងបានចង្អុលបង្ហាញថា មានការស្លាប់នៃអ្នកជាប់ឃុំជាង ១០នាក់ នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២ ប៉ុន្តែការរឹតត្បិតក្នុងការចូលទៅកាន់មណ្ឌល ធ្វើឱ្យមានភាពលំបាក ដើម្បីបញ្ជាក់ពីការរាយការណ៍ទាំងនេះ ។
ទោះបីជា មណ្ឌលព្រៃស្ពឺបានអះអាងថា ជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងត្រូវបានគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប៉ុន្តែមណ្ឌលនេះដំណើរការជា មណ្ឌលឃុំខ្លួនដោយមិនត្រឹមត្រូវ ដើម្បីលាក់បាំងរូបភាពពីប្រជាពលរដ្ឋដែលមិនត្រូវបានគេអើពើ និងអ្នកដែលប្រឈមនឹងហានិភ័យ នៅរាជធានីភ្នំពេញ ខណៈដែលពួកគេត្រូវបានបដិសេធសិទ្ធិទទួលបានការការពារផ្លូវច្បាប់ និងតម្រូវការចាំបាច់ ដូចជា អាហារបរិភោគ និងការថែទាំឬព្យាបាលជំងឺឱ្យបានគ្រប់គ្រាន់ ។
មនុស្សដែលត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ភាគច្រើនគឺមកពីក្រុមមនុស្សដែលមិនត្រូវបានគេអើពើដូចជា ជនអនាថា អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រកបរបរផ្លូវភេទ ជាដើម ។ ពួកគេមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេ ប៉ុន្តែត្រូវបានឃុំខ្លួនដោយមិនច្បាស់លាស់ និងត្រូវបានហាមឃាត់មិនឱ្យចាកចេញ ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “ការស្លាប់របស់មនុស្សពីរនាក់នេះ ជាបញ្ហាបន្ថែមលើ ការរំលោភបំពាន ការធ្វើទារុណកម្ម និងការបាត់បង់ជីវិតដែលមិនគួរកើតមាន អស់រយៈពេលជិតពីរទសវត្សរ៍មកនេះ នៅក្នុងមណ្ឌលព្រៃស្ពឺ“ ។ អ្នកនាងបានបន្ថែមថា “ជារៀងរាល់ថ្ងៃ មណ្ឌលព្រៃស្ពឺនៅតែបើកដំណើរការ បង្កឱ្យមានការរំលោភបំពានបន្ថែមទៀត និងហានិភ័យនៃការស្លាប់ ជាច្រើនទៀត ។ រាជរដ្ឋាភិបាល គួរតែបិទមណ្ឌលនេះតែម្ដង ហើយបញ្ចប់ភាពរងគ្រោះយ៉ាងអាក្រក់ដែលមិនគួរកើតមាននេះ” ។
ការស្លាប់ចុងក្រោយនេះ កើតឡើងអំឡុងពេលមានការកើនឡើងអ្នកជាប់ឃុំនៅក្នុងមណ្ឌលឃុំខ្លួនដោយមិនត្រឹមត្រូវនេះទៅលើបុរសនិងស្ត្រីដែលមិនត្រូវបានគេអើពើ នៅក្នុងមណ្ឌលមួយដែលមនុស្សជាង ៤០០នាក់ ត្រូវបានឃុំខ្លួន គិតត្រឹមខែសីហា ឆ្នាំ២០២២ ។ សាក្សីមួយចំនួន បានរៀបរាប់ពីស្ថានភាពដូចនរក រួមមានបន្ទប់ឃុំឃាំងដែលចង្អៀតណែនខ្លាំង កង្វះចំណីអាហារ ការវាយដំដោយសារមិនស្ដាប់តាមការណែនាំ ខណៈដែលការថែទាំសុខភាពគឺទទួលបានតែថ្នាំ ប៉ារ៉ាសេតាម៉ុល តែប៉ុណ្ណោះ ទោះបីជាមានជំងឺធ្ងន់ធ្ងរក៏ដោយ ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីការស្លាប់ថ្មីៗនេះ អង្គការលីកាដូ បានដាក់លិខិតស្នើសុំការអនុញ្ញាត នៅចុងខែតុលា ឆ្នាំ២០២២ ដើម្បីបញ្ជូនក្រុមគ្រូពេទ្យ រួមមានវេជ្ជបណ្ឌិត ដើម្បីវាយតម្លៃ និងព្យាបាលអ្នកជាប់ឃុំនៅក្នុងមណ្ឌល ។ លិខិតស្នើសុំ ដែលបានដាក់ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងរាជធានីភ្នំពេញ នៅតែគ្មានការឆ្លើយតប ហើយនៅតែមានការរឹតត្បិតក្នុងការចូលទៅកាន់មណ្ឌលព្រៃស្ពឺនេះ ។
មណ្ឌលព្រៃស្ពឺ ក៏ដូចជាទីតាំងទាំងអស់ផ្សេងទៀតនៃការឃុំខ្លួនមិនត្រឹមត្រូវ គួរតែត្រូវបានបិទឱ្យបានឆាប់រហ័ស និងជារៀងរហូត ហើយអ្នកដែលត្រូវបានចោទប្រកាន់ពីការធ្វេសប្រហែស ឬការរំលោភបំពាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ប្រវត្តិនៃការរំលោភបំពាន និងការស្លាប់នៅមណ្ឌលព្រៃស្ពឺ គឺអូសបន្លាយពេលច្រើនពេកហើយ និងបង្កើតឱ្យមានការរំលោភបំពានបន្ថែមទៀត ប្រសិនបើមណ្ឌលនេះមិនត្រូវបានបិទដំណើរការនោះទេ ។ សូមបិទមណ្ឌលព្រៃស្ពឺ ។
“ភេរវកម្មក្រោមការជិះជាន់” ប្រវត្តិនៃការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺ
មណ្ឌលព្រៃស្ពឺ បានចាប់បើកដំណើរការក្នុងឆ្នាំ២០០៤ ក្រោមការណែនាំរបស់មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែតែងតែត្រូវបានប្រើប្រាស់ក្នុងរូបភាពជាទីតាំងឃុំខ្លួនដោយមិនត្រឹមត្រូវ សម្រាប់មនុស្សដែលមិនត្រូវបានគេអើពើ យកមកពីតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ។ អង្គការលីកាដូ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ និងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងម្ដងហើយម្ដងទៀតអំពី កង្វល់ជុំវិញការរំលោភបំពាន និងការស្លាប់ដែលគួរតែអាចការពារបាន នៅក្នុងមណ្ឌលព្រៃស្ពឺ ។
ក្នុងឆ្នាំ២០០៨ អង្គការលីកាដូ បានអំពាវនាវ ឱ្យមានការបិទមណ្ឌលឃុំឃាំងនេះ ។ មួយឆ្នាំក្រោយមក បន្ទាប់ពីមណ្ឌលនេះត្រូវបានបិទជាបណ្ដោះអាសន្នដោយសារមានការរាយការណ៍ពីការរំលោភបំពាន អង្គការលីកាដូ បានចងក្រងសាររបស់អ្នកជាប់ឃុំ ដែលបានសរសេរនៅលើជញ្ជាំងនៃមណ្ឌល ដែលបានរៀបរាប់ពីការឃុំខ្លួន និងការរំលោភបំពាន ផ្សេងៗ ។ អ្នកជាប់ឃុំម្នាក់បានសរសេរថា “អនុស្សាវរីយ៍ដែលខ្ញុំរស់នៅក្នុងអំពើភេរវកម្មក្រោមការជិះជាន់” ។ សារមួយទៀតដែលជាគំនូសលើជញ្ជាំងថ្មថា “ជីវិតដូចនរក” ខណៈដែលសារមួយទៀត “អាណិតខ្លួន ជួយផង” ។
ក្នុងឆ្នាំ២០១០ អង្គការលីកាដូ បានជួយម្ដាយឪពុក ដែលកូនៗរបស់ពួកគេត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកចេញពីពួកគេដោយបង្ខំ និងបញ្ជូនទៅមណ្ឌលព្រៃស្ពឺ ជាកន្លែងដែលពួកគេត្រូវបានវាយដំដោយបុគ្គលិកនៅទីនោះ ។
ក្នុងឆ្នាំ២០១៤ អង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ពីហេតុការណ៍ នៃការរំលោភបំពានពីសំណាក់បុគ្គលិកទៅលើអ្នកជាប់ឃុំដូចជា ការវាយដោយរំពាត់ ការវាយដំ ការឆក់ និងការរំលោភបំពានផ្លូវភេទ ក៏ដូចជាការបង្ខំពួកគេឱ្យធ្វើការ ជាដើម ។ ពួកគេ ក៏បានបញ្ជាក់ពីការស្លាប់របស់អ្នកជាប់ឃុំដែលគួរតែអាចការពារបាន ដោយសារអ្នកស្លាប់ទាំងនោះត្រូវបានបដិសេធក្នុងការទទួលបានការព្យាបាលជំងឺ ។
ក្នុងឆ្នាំ២០១៥ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) បាននិយាយថា ពួកគេ ក៏ទទួលបានការរាយការណ៍ ពីការស្លាប់មនុស្សពីរនាក់នៅក្នុងមណ្ឌលព្រៃស្ពឺ ហើយបានកត់សម្គាល់ពី កង្វះនៃការចុះបញ្ជីអ្នកជាប់ឃុំជាលក្ខណៈប្រព័ន្ធ មានន័យថា តួលេខនៃមនុស្សដែលត្រូវបានជាប់ឃុំនៅមណ្ឌលនេះ គឺមិនត្រូវបានដឹងនោះទេ ។
ក្នុងឆ្នាំ២០១៧ OHCHR បានរាយការណ៍ ពីការស្លាប់របស់បុរសវ័យក្មេងម្នាក់ ទោះបីជាមិនមានការពន្យល់ម្ដងទៀតនៅមណ្ឌលនេះ ។ តំណាងរបស់ OHCHR បានបញ្ជាក់ថា មណ្ឌលនេះខ្វះ “ការគាំទ្រផ្នែកសុខាភិបាលតាមបែបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ” និងមាន “បញ្ហាជាច្រើននៃខ្យល់ចេញចូលគ្រប់គ្រាន់ កង្វះទឹកប្រើប្រាស់ និងអនាម័យ និងបញ្ហាចង្អៀតណែនខ្លាំង” ។
ក្នុងឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ បានចេញ របាយការណ៍មួយ ដោយបានចងក្រងការរំលោភបំពានជាច្រើននៅក្នុងមណ្ឌលព្រៃស្ពឺ រួមមាន ការវាយដំ ការស្លាប់ ការធ្វើអត្តឃាត ភាពចង្អៀតណែនខ្លាំង កង្វះអាហារគ្រប់គ្រាន់ ក៏ដូចជាការព្យាយាមរត់ចេញរបស់អ្នកជាប់ឃុំ ជាដើម ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លេខមានបណ្តាញ Signal (+៨៥៥) ១០៣២៧៧៧០ (ភាសាខ្មែរ)
▪ អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ លេខមានបណ្តាញSignal (+៨៥៥) ១២២១៤៤៥៤ (ភាសាអង់គ្លេស)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ