សូមបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ លើកុមារនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន
ចេញផ្សាយ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធកុមារ ឆ្នាំ២០២៣ នេះ និងនៅខណៈដែល កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ អង្គការ លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ សូមមេត្តាធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិដែលកុមារជាច្រើននាក់កំពុងជាប់ និងចម្រើនវ័យនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន ហើយដែលការឃុំខ្លួនលើកុមារទាំងនោះ គឺមិនមាន ភាពចាំបាច់ទាល់តែសោះ ។
ចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនលើសពីចំនួននៅក្នុងឆ្នាំមុន ។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុង ពន្ធនាគារមានរហូតដល់ទៅ ១.៦៥៨ នាក់ ក្នុងខែមេសា ឆ្នាំ ២០២៣ ។ ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា ៥២% នៃកុមារទាំងនោះ គឺកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ ។
ច្បាប់ជាតិទទួលស្គាល់ថា ពន្ធនាគារមិនមែនជាកន្លែងសម្រាប់អនីតិជននោះទេ ហើយច្បាប់ ទាំងនោះផ្តល់ឱ្យអាជ្ញាធរនូវជម្រើសផ្សេងៗជាច្រើនទៀតក្រៅពីការឃុំខ្លួនកុមារ ។ លើសពីនេះ ច្បាប់ បានកំណត់នូវអនីតិជនដែលអាចទទួលខុសត្រូវ និងទទួលរងទោសទណ្ឌ គឺមានអាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំ នៅពេលពួកគេបានប្រព្រឹត្តនូវបទល្មើសដែលច្បាប់កំណត់ ។ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានចែងថា ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ គឺជាជម្រើសចុងក្រោយសម្រាប់កុមារ ដោយ យោងទៅតាមគោលការណ៍នៃការសន្មត់ជាមុនថាគ្មានទោស និងដើម្បីលើកកំពស់ការប្រើប្រាស់ នូវប្រភេទទោសផ្សេងៗទៀត ក៏ដូចជាទោសសហគមន៍ ។ ដូចគ្នានេះដែរ ការប្រើប្រាស់ការព្យួរទោស ឬការដោះលែងដោយមានលក្ខខណ្ឌ គួរត្រូវបានប្រើប្រាស់ជំនួសឱ្យការដាក់ទោសពន្ធនាគារ មកលើកុមារ ។
ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ជម្រើសផ្សេងៗទាំងនេះ នៅមិនទាន់បានតុលាការយកមកប្រើប្រាស់ នៅឡើយទេ ហើយចំនួនអនីតិជនដែលជាប់ឃុំ នៅតែបន្តហក់ឡើងយ៉ាងខ្ពស់ ដែលជាសញ្ញាមួយគួរឱ្យ ព្រួយបារម្ភ ។
អំឡុងពេលដែលកម្ពុជាកំពុងបន្តនូវយុទ្ធនាការបង្រ្កាបគ្រឿងញៀននោះ ការចាប់ខ្លួនក្នុងករណី ពាក់ព័ន្ធ នឹងគ្រឿងញៀនមានការកើនឡើងក្នុងឆ្នាំ ២០២២ ។ ដូចនេះវាអាចធ្វើឱ្យចំនួនអនីតិជន នៅក្នុងពន្ធនាគារភាគច្រើន គឺត្រូវបានចាប់ខ្លូនដោយសារបទល្មើសគ្រឿងញៀនតូចតាច ដែលក្នុង ករណីនេះ ជម្រើសនៅដាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬជម្រើសផ្សេងទៀតដែលអាច គួរត្រូវបាន តុលាការប្រើប្រាស់ ដើម្បីធានាថាកុមារមិនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដោយមិន ចាំបាច់នោះទេ ។
ការការពារសិទិ្ធចំពោះមុខនីតិវិធីច្បាប់ គឺចាំបាច់ត្រូវតែមានសម្រាប់អនីតិជនដែលត្រូវបាន សង្ស័យថាបានប្រព្រឺត្តនូវបទល្មើសព្រហ្មទណ្ឌ ក៏ប៉ុន្តែកុមារជាច្រើនបានរាយការណ៍ថាពួកគេមិនដែល បាននិយាយជាមួយនឹងមេធាវី ឬក៏មានឱកាសស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ននោះឡើយ ។ ការប្រើវិធានការនៃការឃុំខ្លូនបណ្តោះអាសន្នច្រើនហួសហេតុ តែងតែត្រូវបានតុលាការសម្រេច ប្រើប្រាស់ដោយផ្អែកលើទ្រីស្តី “ឆន្ទានុសិទិ្ធ” របស់ចៅក្រម ហើយជម្រើសផ្សេងទៀតក្រៅពីការឃុំខ្លួន មិនត្រូវបានតុលាការប្រើប្រាស់ឡើយ ដែលនេះធ្វើឱ្យសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសុខមាលភាពរបស់អនីតិជន មិនត្រូវបានតុលាការយកចិត្តទុកដាក់ឡើយ ។
យ៉ាងតិចណាស់ មានកុមារ ៨២ នាក់ កំពុងតែរស់នៅក្នុងពន្ធនាគារ ជាមួយម្តាយដែលជាប់ ទោស ហើយនិងមានស្ត្រី និងក្មេងស្រី ៣០ នាក់ ផ្សេងទៀត កំពុងតែមានផ្ទៃពោះ នៅក្នុងពន្ធនាគារ គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ ។ ការដាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន គួរត្រូវបានផ្តល់ឱ្យដូចគ្នា ដល់ម្តាយរបស់ក្មេងៗ និងស្ត្រី/ក្មេងស្រីដែលកំពុងមានផ្ទៃពោះទាំងនោះ ដូចនេះពួកគេអាចថែរក្សា ទំនាក់ទំនងរវាងម្តាយ និងកូននៅឯផ្ទះ ។
ផលប៉ះពាល់ចំពោះការឃុំខ្លួនលើកុមារគឺ មានភាពធ្ងន់ធ្ងរ ហើយអាចកាន់តែអាក្រក់ខ្លាំងទៅៗ នៅពេលដែលនៅក្នុងពន្ធនាគារមានភាពចង្អៀតណែន និងកង្វះនូវអនាម័យ ដែលស្ថានភាពនេះបាន កើតមានឡើងនៅក្នុងប្រព័ន្ធពន្ធនាគារនៅក្នុងប្រទេសទាំងមូល ។ ពន្ធនាគារជាច្រើន ដែលអង្គការ លីកាដូ បានធ្វើការងារជាមួយ គឺមានអនីតិជនជាច្រើនតែងតែមិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ពីពន្ធនាគារសម្រាប់មនុស្សពេញវ័យនោះទេ ហើយពន្ធនាគារទាំងនោះមានអត្រាផ្ទុកមនុស្សជាមធ្យម ២៥០% នៃសមត្ថភាពស្តង់ដាដែលពន្ធនាគារទាំងនោះអាចដាក់បាន ដោយគិតត្រឹមខែមេសានេះ ។ លើសពីនេះ មានពន្ធនាគារចំនួន ៣ កន្លែង មានអត្រាផ្ទុកមនុស្សរហូតដល់ទៅជាង ៤៥០% នៃ សមត្ថភាពដែលអាចដាក់បានទៅទៀត ។ អ្នកដែលត្រូវជាប់ឃុំ រួមទាំងកុមារផងដែរ តែងតែ រាយការណ៍ពីកង្វះខាតនូវអាហារ ទឹក កន្លែងគេងសមរម្យ និងទំនាក់ទំនងជាមួយក្រុមគ្រួសារ ហើយអ្នកទាំងនោះត្រូវចំណាយថវិកាបន្ថែមដើម្បីបំពេញតម្រូវការទាំងនោះ ។ រីឯ ការទទួលបាននូវ ការថែទាំសុខភាព និងជំនួយរូបបត្ថម្ភវិញ គឺមិនគ្រប់គ្រាន់ស្មើភាពគ្នានោះទេ ដែលនេះនឹងបង្កគ្រោះថ្នាក់ ដល់ជីវិតទាំងម្តាយ និងកូនរបស់ពួកគេផងដែរ ។
ចំនួនអនីតិជនដែលជាប់ឃុំ*
ការព្យាយាមដែលមានពីមុនមួយចំនួន ដើម្បីដោះស្រាយនូវវិបត្តិនេះ មិនដែលទទួលបាន ជោគជ័យនោះឡើយ ។ ជំនួសឱ្យការកម្រិតចំនួនកុមារដែលត្រូវជាប់ឃុំ រាជរដ្ឋាភិបាលបែរជាធ្វើ ការសាងសង់នូវពន្ធនាគារថ្មីបន្ថែម ដោយគ្រាន់តែដាក់ឈ្មោះថាជាមណ្ឌលស្តារយុវនីតិសម្បទាទៅវិញ ។ មណ្ឌលនេះបានបើកឱ្យដំណើរការនៅក្នុងខេត្តកណ្តាល កាលពីខែធ្នូ ឆ្នាំ ២០២១ ហើយមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ធ្វើជាមជ្ឈមណ្ឌលឃុំខ្លួនអនីតិជនដែលមានទោសមកពីគ្រប់ខេត្ត និងអាចឃុំខ្លួនអនីតិជនដែលមានអាយុរហូតដល់ ២៤ ឆ្នាំ ។ យ៉ាងតិចណាស់ មានក្មេងប្រុស ១៣០ នាក់ ដែលត្រូវបានផ្តន្ទាទោសរួច ត្រូវបានបញ្ជូនចូលទៅក្នុងមណ្ឌលនេះ ដែលក្នុងនោះមានក្មេងប្រុស មួយចំនួនត្រូវបាននគរបាលដឹកពីពន្ធនាគារខេត្តនៅតំបន់ឆ្ងាយ ដូចជាបន្ទាយមានជ័យ ។ ដោយនេះ ជាមណ្ឌលតែមួយសម្រាប់អនីតិជនដែលមកពីគ្រប់ពន្ធនាគារនៅទូទាំងប្រទេស វាធ្វើឱ្យសមាជិកគ្រួសារ ដែលរស់នៅឆ្ងាយប្រឈមនឹងកង្វះលទ្ធភាពក្នុងការមកសួរសុខទុក្ខ ក៏ដូចជាលទ្ធភាពក្នុងការផ្គត់ផ្គង់ ជំនួយចាំបាច់ដល់កូនៗរបស់ពួកគេបាន ។
យើងខ្ញុំសូមទាមទារឱ្យបញ្ឈប់ការឃុំខ្លួន សម្រាប់ករណីមួយចំនួនដែលមិនចាំបាច់មកលើកុមារ ដែលនេះជារំលោភសិទ្ធិអនីតិជន និងអត្ថប្រយោជន៍របស់កុមារយ៉ាងខ្លាំង ទាំងការដាក់នៅក្នុង ពន្ធនាគារដែលមានស្រាប់ ឬពន្ធនាគាថ្មីដែលហៅថា មណ្ឌលស្តារយុវនីតិសម្បទា ។ ការប្រើប្រាស់នូវ ការឃុំខ្លូនហួសប្រមាណនេះ ធ្វើឱ្យកុមារបាត់បង់សេរីភាព ទំនាក់ទំនងគ្រួសារ និងសុខមាលភាព ។ អាជ្ញាធរត្រូវតែដោះស្រាយនូវបញ្ហាដែលកំពុងតែកើតឡើងនេះជាបន្ទាន់ និង៖
• អនុវត្តវិធានការដាក់ឱ្យក្រៅឃុំបណ្តោះអាសន្នលើគ្រប់អនីតិជន ស្ត្រី/ក្មេងស្រីមានផ្ទៃពោះ និង ម្តាយដែលមានកូនតូច និងអនុវត្តជម្រើសទោសដទៃទៀតជំនួសឱ្យការឃុំឃាំង ។ ក៏ដូចគ្នាដែរ គឺការអនុវត្តវិធានការខាងលើនេះចំពោះអ្នកដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនតូចតាច ។ សូមមេត្តាប្រើប្រាស់នូវវិធានការទាំងនេះសម្រាប់ករណីក្រោយៗផ្សេងទៀត ដោយកម្រិតការ ប្រើប្រាស់ការឃុំខ្លួនបណ្តោះអាសន្នតែក្នុងករណីចាំបាច់ ឬជម្រើសចុងក្រោយដូចមានចែង នៅក្នុងច្បាប់ ។
• ធានាថាគ្រប់អនីតិជនទាំងអស់ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ទទួល បានមេធាវីការពារ និងត្រូវទទួលបានការជូនដំណឹងអំពីសិទ្ធិស្នើសុំនៅក្រៅឃុំបណ្តោះ អាសន្ន ។
• ធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌនៅក្នុងពន្ធនាគារ ដើម្បីធានាថាអ្នកជាប់ឃុំម្នាក់ៗ រួមទាំង អនីតិជន ទទួលបាននូវអាហារូបត្ថម្ភសមរម្យ ការថែទាំសុខភាព ការសួរសុខទុក្ខពីក្រុមគ្រួសារ និងមានឱកាសក្នុងការអភិវឌ្ឍខ្លួន និងជាពិសេសការកាត់បន្ថយនូវចំនួនអ្នកជាប់ឃុំនៅក្នុង ពន្ធនាគារ ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ តាមរយៈ Signal (+៨៥៥) ១០៣២៧៧៧០ (ភាសាខ្មែរ)
▪ អ្នកនាង ពីឡូក ណាលី នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal (+៨៥៥) ១២២១៤៤៥៤ (ភាសាអង់គ្លេស)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ តុលាការ និងនីតិរដ្ឋ បញ្ហាពន្ធនាគារ សិទ្ធិស្ត្រី