ទម្លាយភាពស្ងៀមស្ងាត់៖ ការរំលោភសេពសន្ថវៈដោយសាច់ញាតិ និងឧបសគ្គក្នុងការទទួលបានយុត្តិធម៌
ចេញផ្សាយ ខែធ្នូ ឆ្នាំ២០២០ ទាញយករបាយការណ៍នេះជាភាសាខ្មែរ (PDF, 5.23 MBs) | |
ទាញយករបាយការណ៍នេះជាភាសាអង់គ្លេស (PDF, 4.72 MBs) |
ស្ដ្រី និងក្មេងស្រី ដែលត្រូវបានរំលោភសេពសន្ថវៈដោយសមាជិកគ្រួសារ ជារឿយៗតែងជួបផលលំបាកជាខ្លាំងក្នុងការទទួលបានតម្រូវការសុវត្ថិភាព និងយុត្តិធម៌ដែលពួកគាត់មានសិទ្ធិទទួលបាន ។ នៅក្នុងខែធ្នូនេះ អង្គការលីកាដូចេញផ្សាយរបាយការណ៍មួយស្ដីពី “ទម្លាយភាពស្ងៀមស្ងាត់៖ ការរំលោភសេពសន្ថវៈដោយសាច់ញាតិ និងឧបសគ្គក្នុងការទទួលបានយុត្តិធម៌” ដើម្បីចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃប្រឆាំងនឹងអំពើហិង្សាផ្នែកយែនឌ័រ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ។
នៅក្នុងករណីរំលោភសេពសន្ថវៈ ឬប៉ុនប៉ងរំលោភសេពសន្ថវៈទាំងអស់ដែលអង្គការលីកាដូបានធ្វើអន្តរាគមន៍ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ ខែធ្នូ ឆ្នាំ២០១៩ ជិតមួយភាគបីនៃករណី (១៣៧ករណី) ជាប់ពាក់ព័ន្ធនឹងជនសង្ស័យជាសាច់ញាតិរបស់ជនរងគ្រោះដែលបានរាយការណ៍ពីករណីរំលោភបំពានទាំងនោះ ។ ជនរងគ្រោះជិតពាក់កណ្ដាលបានទទួលរងអំពើហិង្សាផ្លូវភេទពីំសំណាក់សាច់ញាតិបង្កើតដូចជា ឪពុក ពូ ឬជីតាបង្កើត (៤៦%) ។ អ្នកផ្សេងទៀតបានរាយការណ៍ពីអំពើហិង្សាផ្លូវភេទប្រព្រឹត្តដោយឪពុកចុង ឬសាច់ញាតិឪពុកចុង និងសាច់ថ្លៃ (៥៤%) ។
ចាប់តាំងពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ អង្គការលីកាដូបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ឬលទ្ធផលរបស់ករណីនីមួយៗនៃករណីសរុបចំនួន១៣៧ ដោយទទួលបានព័ត៌មានថ្មីបំផុតនៃករណីចំនួន១៣៥ ។ ក្នុងនោះមានករណីចំនួនលើសពីពាក់កណ្ដាលបន្តិចប៉ុណ្ណោះបានឈានដល់ការជំនុំជម្រះក្ដី ដោយជនល្មើសត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលបានអនុវត្តពេញលេញនូវច្បាប់ពាក់ព័ន្ធ (៥៣%) ។ ចំនួនករណីតិចជាងមួយភាគប្រាំ (១៩%) ដែលជនល្មើសបានទទួលទោសស្រាល ទោសជាប់ពន្ធនាគាររយៈពេលខ្លី និង/ឬ ការកាត់ទោសកំបាំងមុខ និងមិនត្រូវបានចាប់ខ្លួន ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានមានប្រសាសន៍ថា៖ “គ្រោះថ្នាក់នៃអំពើរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារគឺកើតមានឡើងច្រើន ប៉ុន្តែអាជ្ញាធរនៅតែមិនទាន់ចាត់វិធានការគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រាកដថា ជនល្មើសត្រូវបានយកមកផ្ដន្ទាទោស” ។ លោកបន្តថា៖ “សិទ្ធិរបស់ស្រ្តី និងក្មេងស្រី ត្រូវបានមើលរំលង ដែលនេះបង្ហាញថា អំពើរំលោភសេពសន្ថវៈគឺជាអ្វីដែលអាចអត់ឱនឱ្យបាន” ។
ករណីដែលអង្គការលីកាដូបានធ្វើអន្តរាគមន៍ មិនឆ្លុះបញ្ចាំងពីការរីកសាយកាន់តែទូលំទូលាយនៃករណីរំលោភសេពសន្ថវៈនិងអំពើរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសទាំងមូលទេ ។ ករណីជាច្រើនមិនត្រូវបានរាយការណ៍នោះទេ ដោយសារតែភាពភ័យខ្លាចនៃការរើសអើងនៅក្នុងសង្គម ទំនៀមទំលាប់បុរាណ និងកង្វះភាពស្មោះត្រង់នៅក្នុងប្រព័ន្ធយុត្តិធម៌ ។ ចំនួនករណីដែលបានចងក្រងទុកជាឯកសារគឺមានចំនួនតិចដោយសារកត្តាធនធានរបស់អង្គការលីកាដូ ។ ហានិភ័យនៃការរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារទំនងជាកើនឡើងច្រើនកាលពីឆ្នាំមុន ខណៈដែលសាលារៀនបានបិទ ហើយកត្តាអ្នកគ្មានការងារធ្វើគឺកើនឡើងជាមួយនឹងការរីករាលដាលនៃជំងឺកូវីត១៩ ដែលនាំឱ្យមនុស្សជាច្រើនត្រូវចំណាយពេលនៅផ្ទះច្រើន និងស្ថិតនៅក្បែរជនល្មើស ។
ទោះបីជាចំនួនពាក់កណ្ដាលនៃករណីទាំងនេះ ដែលជនសង្ស័យគំរាមសម្លាប់ជនរងគ្រោះប្រសិនបើហ៊ាននិយាយប្រាប់អ្នកដទៃ ប៉ុន្តែកិច្ចការពារផ្លូវច្បាប់ទាំងអំឡុងពេល និងក្រោយនីតិវិធីផ្លូវច្បាប់ គឺមិនគ្រប់គ្រាន់ និងកម្រត្រូវបានយកមកប្រើប្រាស់ណាស់ ។ ការរំលោភសេពសន្ថវៈក្នុងគ្រួសារក៏បានធ្វើឱ្យស្ដ្រី និងក្មេងស្រី នៃករណីទាំងនេះ ស្ថិតក្នុងស្ថានភាពលំបាកដូចជា ជនរងគ្រោះខ្លះមិនអាចទ្រាំមើលជនល្មើសជាប់ពន្ធនាគារ ដោយសារអ្នកទាំងនោះពឹងផ្អែកលើជនល្មើសក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ឬការមើលថែសាច់ញាតិដទៃទៀត ។
ភាពខ្វះចន្លោះក្នុងការផ្ដល់កិច្ចការពារ និងសេវាកម្មឱ្យបានគ្រប់គ្រាន់ ដល់អ្នកដែលរាយការណ៍ពីអំពើរំលោភសេពសន្ថវៈ បានធ្វើឱ្យមនុស្សជាច្រើនមិនអាចទទួលបានយុត្តិធម៌
អ្នកស្រី ណាលី ពីឡូក, នាយិកាអង្គការលីកាដូ
អ្នកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលមិនទាន់បានចាត់វិធានការគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋជម្នះឧបសគ្គក្នុងការរាយការណ៍ពីអំពើរំលោភសេពសន្ថវៈដោយសាច់ញាតិនៅឡើយទេ“ ។ អ្នកស្រីបន្តថា៖ “ភាពខ្វះចន្លោះក្នុងការផ្ដល់កិច្ចការពារ និងសេវាកម្មឱ្យបានគ្រប់គ្រាន់ ដល់អ្នកដែលរាយការណ៍ពីអំពើរំលោភសេពសន្ថវៈ បានធ្វើឱ្យមនុស្សជាច្រើនមិនអាចទទួលបានយុត្តិធម៌” ។
ឧបសគ្គក្នុងការទទួលបានយុត្តិធម៌ទាំងនេះ កើតឡើងក្នុងបរិបទនៃភាពទន់ខ្សោយជាយូរឆ្នាំមកហើយនៃប្រព័ន្ធយុត្តិធម៌ក្នុងការដោះស្រាយឱ្យបានគ្រប់គ្រាន់នូវរាល់ទម្រង់នៃការរំលោភសេពសន្ថវៈ ការលុបបំបាត់ជំងឺនៃអំពើពុករលួយ ឥរិយាបថរើសអើងចំពោះស្ត្រី ក៏ដូចជាភាពញឹកញាប់នៃការប្រើប្រាស់ច្បាប់មិនបានត្រឹមត្រូវក្នុងការកាត់ក្ដី ។ ជាលទ្ធផល ស្រ្តី និងក្មេងស្រីជាច្រើន បានដកពាក្យបណ្ដឹងវិញ និងបង្ខំចិត្តចាកចេញពីផ្ទះរបស់ខ្លួន ដើម្បីគេចចេញពីអំពើហិង្សា ។ អាជ្ញាធរតែងប្រើប្រាស់ហេតុផលនៃការដកពាក្យបណ្ដឹងនេះ ធ្វើជាសំអាងហេតុក្នុងការទម្លាក់ចោល ឬទុកចោលនីតិវិធីព្រហ្មទណ្ឌ ទោះបីជានីតិវិធីព្រហ្មទណ្ឌគួរត្រូវបានដំណើរការបន្តក៏ដោយ ។
ការទប់ស្កាត់ និងលុបបំបាត់អំពើរំលោភសេពសន្ថវៈគឺនៅតែអាចធ្វើទៅបាន ប៉ុន្តែទាមទារឱ្យមានការចាត់វិធានការជាបន្ទាន់ ។ ការលុបបំបាត់ទំនៀមទំលាប់យែនឌ័រដ៏គ្រោះថ្នាក់ ការបញ្ចប់វប្បធម៌ស្ដីបន្ទោសជនរងគ្រោះ ការធានាអំពីការប្រើប្រាស់ច្បាប់ឱ្យបានពេញលេញនិងត្រឹមត្រូវនិងការបង្កើនកិច្ចការពារជនរងគ្រោះ ការទទួលបានសេវាកម្មនិងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកដែលរាយការណ៍ពីអំពើរំលោភសេពសន្ថវៈ គឺជាជំហានដ៏មានសារៈសំខាន់ខ្លាំង ដើម្បីធានាថា គ្រប់គ្នាអាចរស់នៅដោយគ្មានអំពើហិង្សាផ្លូវភេទ ។
អនុសាសន៍ទាំងអស់មានរៀបរាប់នៅក្នុងរបាយការណ៍ “ទម្លាយភាពស្ងៀមស្ងាត់” ប៉ុន្តែរាជរដ្ឋាភិបាលអាច៖
▪ ពង្រឹងការការពារដល់ជនរងគ្រោះដែលត្រូវបានរំលោភសេពសន្ថវៈ និងគ្រួសាររបស់អ្នកទាំងនោះ ទាំងក្នុងពេល និងក្រោយនីតិវិធីផ្លូវច្បាប់
▪ ធានាឱ្យបាននូវការអនុវត្តច្បាប់ត្រឹមត្រូវ និងស៊ីចង្វាក់គ្នានៅពេលកាត់ក្តីករណីរំលោភសេពសន្ថវៈ
▪ បង្កើតបរិយាកាសដែលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរាយការណ៍ពីករណីរំលោភសេពសន្ថវៈ និងលុបបំបាត់សម្ពាធដែលបង្ខំឱ្យអ្នកទាំងនោះដកពាក្យបណ្តឹងវិញ
▪ ចងក្រងឯកសារជាប្រព័ន្ធ និងចេញផ្សាយទិន្នន័យដ៏ទូលំទូលាយក្នុងរយៈពេលណាមួយជាប្រចំាស្តីពី តួលេខនៃករណីរំលោភសេពសន្ថវៈ ដែលបានរាយការណ៍ និងលទ្ធផលនៃករណីទំាងនោះ ដោយបែងចែកទៅតាមភេទ អាយុ ពិការភាព ជាតិពន្ធ និន្នាការផ្លូវភេទ ទីតាំង ទំនាក់ទំនងនៃភាគីពាក់ព័ន្ធ និងព័ត៌មានពាក់ព័ន្ធដទៃទៀត ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
▪ អ្នកស្រី ណាលី ពីឡូក នាយកអង្គការលីកាដូ តាមរយៈ Signal: +85512214454 (ភាសាអង់គ្លេស)
▪ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ តាមរយៈ Signal +85510327770 (ភាសាខ្មែរ)
- ចំណងជើង & មូលបទ
- សិទ្ធិកុមារ សិទ្ធិស្ត្រី