របាយការណ៍

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ សំឡេង​សហគមន៍​ដីធ្លីដែលជាប់​ជំពាក់បំណុល

ចេញផ្សាយ ខែមិថុនា ឆ្នាំ២០២១
F T M

សិទ្ធិ​ទទួល​បាន​ការអនុគ្រោះ គឺ​ជាការ​ស្នើសុំ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ពី​សំណាក់​អ្នកផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ ក៏ដូចជា​អ្នក​វិនិយោគទុន​អន្តរជាតិ​ ដែល​រួមមាន​​​ធនាគារ​​អភិវឌ្ឍន៍​​របស់​រដ្ឋ ​នៅ​សហភាព​​អឺរ៉ុប​​ និង​​សហរដ្ឋ​​អាមេរិក​ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ទំហំនៃ​ការរំលោភ​សិទ្ធិមនុស្ស ​និង​ផ្ដល់ការ​អនុគ្រោះ​ចំពោះ​អ្នកខ្ចីប្រាក់​ដែល​បាន​រងគ្រោះ​ដោយ​ការផ្ដល់កម្ចី​​ និង​ការប្រមូល​ឥណទាន​បែប​កេងចំណេញ​ ។ ការ​សិក្សា​ស្រាវជ្រាវនេះ​ ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន ៨​ ដោយ​កម្រង​ព័ត៌មាន​សហគមន៍​នីមួយៗ​ មាន​បង្ហាញ​ព័ត៌មាន​អំពី​ការ​បង្កើត​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​វិវាទដីធ្លី ​និង​ការគំរាម​កំហែង​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ ដែល​បង្កឡើង​ដោយ​ភាពជំពាក់​បំណុល​ច្រើន​លើសលុប ។​

គេហទំព័រ​​​បង្ហាញពី​ផ្នែក​សំខាន់ៗ​នៃ​កម្រង​ព័ត៌មាន​សហគមន៍​ចំនួន១៤​ ខណៈ​ដែល​របាយការណ៍​ជាទម្រង់​ PDF​ បង្ហាញ​ព័ត៌មាន​លម្អិតជាង​ ក៏ដូចជា​ព័ត៌មាន​បន្ថែម​អំពី​ការសិក្សា​ស្រាវជ្រាវ​នេះ ។

គិត​ត្រឹម​ខែធ្នូ ​ឆ្នាំ២០២០​ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា ​បាន​កត់ត្រា​ឥណទាន​ប្រមាណ ​២,៨ លាន​កម្ចី ​ដោយ​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ​១១,៨​ លាន​ដុល្លារសហរដ្ឋ​អាមេរិក ​។ ​នេះ​រាប់បញ្ចូល​កម្ចី​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ចុះបញ្ជី ​និង​ផលប័ត្រ​ឥណទាន​ “ខ្នាតតូច”​ របស់​ធនាគារ​កម្ពុជា​ជាច្រើន ។​ ក្នុងចំណោម ​“កម្ចី​ឥណទាន​ខ្នាតតូច”​ ទាំងនេះ ​ទំហំ​កម្ចី​គិតជា​មធ្យមគឺ​ ៤,២៨០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​ប្រជា​ពលរដ្ឋ​​ចំនួន​ ៩៥%​​ មាន​ប្រាក់​​ចំណូល​​ប្រចាំ​​ឆ្នាំ​ ​តិចជាង​​ចំនួន​​កម្ចី​​គិតជា​​មធ្យមនេះ​​ទៅទៀត ។​ ការកើនឡើង​ដ៏គ្រោះថ្នាក់​នេះ ​បាន​នាំឱ្យ​កើតមាន​ការរីកសាយ​នៃវិបត្តិ​ជំពាក់​បំណុល​ច្រើន​លើសលុប ​ហើយ​ភាគច្រើន​នៃ​ផលប័ត្រ​ឥណទាន​ទាំងនេះ​ ត្រូវ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ជាទ្រព្យ​ធានា ។​ ដូច​ដែល​បាន​លើកឡើង​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មុនៗ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ​អនុវត្ត​អត្រា​ការប្រាក់​ខ្ពស់ ​តម្រូវ​ឱ្យមាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាទ្រព្យធានា ​និង​ដាក់​សម្ពាធ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រងគ្រោះ ​ឱ្យ​បាត់បង់​ដីធ្លី ។​ ការ​អនុវត្ត​បែប​កេងចំណេញ​ទាំងនេះ ​បាន​នាំឱ្យ​មាន​ផលចំណេញ​ច្រើន​លើសលុប​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងដៃគូ​ផ្ដល់​កម្ចី​បរទេស​របស់​ពួកគេ​ និង​បាន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ជាពិសេស​សហគមន៍​ដែល​ងាយរងគ្រោះ ។​

ការសិក្សា​ស្រាវជ្រាវ​នេះ ​ក៏បង្ហាញថា​ ជម្រើស​ដែល​ផ្ដល់​ដោយ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ សម្រាប់​ការរៀបចំ​ឥណទាន​ឡើងវិញ​ ឬ​ការពន្យារ​ពេល​បង់សង​កម្ចី​ឥណទាន​ខ្នាតតូច​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ គឺនៅ​មិនទាន់​គ្រប់គ្រាន់​ និង​មិនទាន់​អាច​បញ្ឈប់​ការលក់ដី​ដោយបង្ខំ ​ឬការ​រំលោភ​បំពាន​ផ្សេងៗ​ អំឡុងពេល​មានការ​រីករាល​ដាល​ជាសកល​នៃជំងឺនេះ​នៅឡើយទេ ​ខណៈដែល​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ធ្លាក់ចុះ ​និង​ប៉ះពាល់​លទ្ធភាព​របស់​ពួកគាត់​ក្នុងការ​បង់សង​កម្ចី ។​

ជម្រើស​ដែល​ផ្ដល់​ដោយ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ សម្រាប់​ការរៀបចំ​ឥណទាន​ឡើងវិញ​ ឬ​ការពន្យារ​ពេល​បង់សង​កម្ចី​ឥណទាន​ខ្នាតតូច​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ គឺនៅ​មិនទាន់​គ្រប់គ្រាន់​ និង​មិនទាន់​អាច​បញ្ឈប់​ការលក់ដី​ដោយបង្ខំ ​ឬការ​រំលោភ​បំពាន​ផ្សេងៗ​ អំឡុងពេល​មានការ​រីករាល​ដាល​ជាសកល​នៃជំងឺនេះទេ

សហគមន៍​ដែលបាន​ចូលរួម​ក្នុងការ​សិក្សា​ស្រាវជ្រាវ​នេះ ​ជួប​បញ្ហាលំបាក​នៃ​ការរំលោភ​បំពាន​ជាច្រើន​ ដោយសារ​តែ​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ពួកគេ ។​ មូលហេតុ​ទូទៅ​ក្នុងការ​យកកម្ចី​ឥណទាន​មានដូចជា​ ការបង់សង​បំណុល​ផ្សេងទៀត ​ព្យាបាលជំងឺ ​សាងសង់​ផ្ទះ ​ធ្វើ​កសិកម្ម​ និង​ការចំណាយ​លើថ្លៃ​សិក្សា​របស់កូន​ ជាដើម ។​ ផលវិបាក​ទូទៅ​នៃកម្ចី​ឥណទាន​ខ្នាតតូច​មានដូចជា​ ការខ្ចីប្រាក់​ពី​អ្នកចងការ​ឯកជន​ កាត់​បន្ថយ​អាហារ​បរិភោគ​ លក់​ទ្រព្យសម្បត្តិ​ លក់ដី​ ពលកម្ម​កុមារ​ និង​ការធ្វើ​ចំណាកស្រុក​ដោយសារ​បញ្ហា​បំណុល ។​ ដូចគ្នា​ផងដែរ​ មន្ត្រី​ឥណទាន​ដែល​ប្រតិបត្តិការ​នៅក្នុង​សហគមន៍​ទាំងនេះ ​បាន​ពាក់ព័ន្ធ​នឹង​ការប្រមូល​ឥណទាន​ និង​ការផ្ដល់​កម្ចីឥណទាន​បែប​កេងចំណេញ ​ការដាក់​សម្ពាធ​ឱ្យលក់ដី ​ការគំរាម​កំហែង​អ្នកខ្ចីប្រាក់​ដែល​យឺតយ៉ាវ​ក្នុងការ​បង់សង ​ក៏ដូចជា​ការជំរុញ​ឱ្យខ្ចីប្រាក់​ពី​អ្នកចងការ​ឯកជន ។​

សហគមន៍​ទាំងអស់នេះ ​បានប្រឈម​នឹងបញ្ហា​វិវាទដីធ្លី​ កាលពី​អតីតកាល​ ដែល​ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ ឬបុគ្គល​មានឥទ្ធិពល​ ដែល​ជំរុញឱ្យ​ពួកគាត់​ចាកចេញពី​ដីធ្លី ។​ ភាគច្រើន​នៃវិវាទ​ទាំងនេះ ​កើតចេញ​ពី​ទំហំ​ដី​ជាង ​២លាន​ហិកតា​ ដែល​រាជរដ្ឋាភិបាល​ បានផ្ដល់​ឱ្យក្រុមហ៊ុន​ឯកជន​ ក្នុង​ទម្រង់​ជា​ដីសម្បទាន​សេដ្ឋកិច្ច ។​ ការសិក្សា​ស្រាវជ្រាវ​នេះ​​ បង្ហាញថា​ អស់​រយៈពេល​ជាច្រើនឆ្នាំ ​និង​ក្នុងករណី​ខ្លះ​ច្រើនជាង​មួយទសវត្សរ៍​ នៃ​ការខិតខំ​ប្រឹងប្រែង​ និង​តស៊ូមតិ​ ដើម្បី​ទទួលបាន​សិទ្ធិដីធ្លី​របស់​ពួកគេ​ ជាថ្មីម្ដងទៀត​ សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគេ​ ពេលនេះ​កំពុង​រងការ​គំរាមកំហែង​ ដោយ​វិបត្តិភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ នៅក្នុង​វិស័យ​ឥណទាន​ខ្នាតតូច ។​

ប្រសិន​បើគ្មាន​សិទ្ធិ​​ទទួល​បាន​​ការ​អនុគ្រោះទេ ​នោះ​​អ្នកខ្ចីប្រាក់​នឹង​​បន្ត​ប្រឈម​នឹង​ ​ភាព​អត់ឃ្លាន​​ ពលកម្ម​កុមារ​​ ចំណាកស្រុក​​ ការលក់ដី​​ដោយ​បង្ខំ​ ​និង​​ការរំលោភ​​សិទ្ធិមនុស្ស​​ជាច្រើនទៀត​ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា