អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដើម្បីឃ្លាំមើល ចងក្រងឯកសារ និងស្រាវជ្រាវការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ។ លីកាដូ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលស្ថិតនៅជួរមុខគេ ក្នុងកិច្ចការពារសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គម និងលើកកម្ពស់ការគោរពសិទ្ធិទាំងនេះពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នរដ្ឋនានា ។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩២ ការងាររបស់អង្គការលីកាដូ បានសម្របខ្លួន ដើម្បីបំពេញតម្រូវការនៃការផ្លាស់ប្ដូរស្ថានភាពសិទ្ធិមនុស្ស និងការវិវត្តន៍នៃតម្រូវការរបស់សហគមន៍ និងសកម្មជន នៅក្នុងប្រទេសកម្ពុជា ។ សកម្មភាពចម្បងៗរបស់អង្គការលីកាដូ ក្នុងការឃ្លាំមើល អន្តរាគមន៍ ចងក្រងឯកសារ និងតស៊ូមតិ គឺមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់មន្ត្រីរដ្ឋាភិបាល និងតួអង្គមិនមែនរដ្ឋាភិបាល ក៏ដូចជាបន្លឺសំឡេងសហគមន៍ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។
ដើមកំណើតអង្គការលីកាដូ
អំឡុងពេលដែលកម្ពុជាស្ថិតក្នុងសង្គ្រាមស៊ីវិលធ្ងន់ធ្ងរក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក (Dr. Kek Galabru) បានដើរតួយ៉ាងសំខាន់ក្នុងការរៀបចំឱ្យមានកិច្ចជំនួបចរចារវាងភាគីជម្លោះពាក់ព័ន្ធ ។ ក្រោយមក ការចរចានោះ បាននាំឱ្យមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលបានកំណត់បេសកកម្ម ដើម្បីឱ្យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីរៀបចំការបោះឆ្នោត ។
បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក និងពលរដ្ឋកម្ពុជាផ្សេងទៀត ដែលរស់នៅក្រៅប្រទេស បានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីជួយជនរួមជាតិរបស់ខ្លួន ដែលរងគ្រោះដោយសារជម្លោះជាច្រើនឆ្នាំ ។ នៅក្នុងឆ្នាំ១៩៩២ អ្នកស្រីបានបង្កើតអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ដែលហៅកាត់ជាភាសាបារាំងថា លីកាដូ ។
សកម្មភាពមួយក្នុងចំណោមគម្រោងដំបូងដទៃទៀតរបស់អង្គការលីកាដូ គឺការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតដែលបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩៣ និងការឃ្លាំមើលបរិយាកាសមុនពេលបោះឆ្នោត ។ ក្រោយមក អង្គការលីកាដូ បានចាប់ផ្តើមធ្វើការដោះស្រាយការរំលោភសិទ្ធិមនុស្ស ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ។
អង្គការលីកាដូ បានធ្វើការជាដៃគូយ៉ាងស្និទ្ធជាមួយ អង្គការលីកាដូកាណាដា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ចុះបញ្ជីនៅទីក្រុង British Columbia ប្រទេសកាណាដា ក្នុងឆ្នាំ២០០៦ ។ អង្គការលីកាដូកាណាដា ធ្វើការផ្តោតសំខាន់លើការគាំទ្រសហគមន៍ជាក់លាក់មួយចំនួន ដែលរងការគំរាមកំហែងនៃការបណ្តេញចេញដោយបង្ខំ និងជាបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសកម្ពុជា ។
អង្គការលីកាដូបច្ចុប្បន្ន
ក្រៅពីការឃ្លាំមើលសិទ្ធិមនុស្ស អង្គការលីកាដូ បានបង្កើតក្រុមការងារផ្សេងៗនៅក្នុងអង្គការដូចជា អ្នកឃ្លាំមើលពន្ធនាគារ វេជ្ជបណ្ឌិតនិងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត មេធាវី និងអ្នកប្រឹក្សាច្បាប់ និងបុគ្គលិកសេវាសង្គម ដើម្បីបំពេញ និងបត់បែនទៅតាមការផ្លាស់ប្ដូរនៃតម្រូវការរបស់សហគមន៍ និងផ្តល់សេវាផ្សេងៗជាច្រើនទៀតដល់អតិថិជន ។
អង្គការលីកាដូ ក៏បានពង្រឹងបណ្តាញរបស់ខ្លួន ដើម្បីរួមបញ្ចូលសហគមន៍ជនជាតិដើមភាគតិច សកម្មជនដែលជាស្រ្តី សកម្មជនដីធ្លី សហជីព និងអង្គការដៃគូនានា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង និងការងារតស៊ូមតិរបស់ពួកគេ ។ អង្គការលីកាដូ ក៏បានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន ដែលជាផ្នែកមួយនៃគោលនយោបាយរបស់ខ្លួន ដើម្បីបង្កើតជាយុទ្ធសាស្ត្រសម្ពន្ធភាព ក្នុងការជំរុញសកម្មភាពតស៊ូមតិរបស់ខ្លួន ។